18. ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលពីដាវីឌហើយ ថាអញ និងជួយសង្គ្រោះពួកអ៊ីស្រាអែល ជារាស្ត្រចេញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ហើយពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌ ជាអ្នកបំរើរបស់អញ
19. អ័ប៊ីនើរក៏មានប្រសាសន៍ដល់ពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្តីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល និងពួកគ្រួបេនយ៉ាមីនទាំងអស់
20. ដូច្នេះ អ័ប៊ីនើរបានមកឯដាវីឌនៅក្រុងហេប្រុន មានទាំងមនុស្ស២០នាក់មកជាមួយផង ឯដាវីឌ ទ្រង់រៀបជប់លៀងអ័ប៊ីនើរ និងពួកមនុស្សដែលមកជាមួយដែរ
21. នោះអ័ប៊ីនើរទូលទៅដាវីឌថា ទូលបង្គំនឹងឡើងចេញទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់ ឲ្យមកឯព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដើម្បីឲ្យគេចុះសញ្ញានឹងទ្រង់ ឲ្យទ្រង់បានសោយរាជ្យលើគ្រប់ទាំងអស់ តាមព្រះហឫទ័យ រួចដាវីឌទ្រង់ឲ្យអ័ប៊ីនើរទៅវិញ ហើយលោកក៏ទៅដោយសុខសាន្ត។
22. ខណៈនោះ យ៉ូអាប់ និងពួកពលរបស់ដាវីឌ ត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ក៏នាំយករបឹបជាច្រើនមកជាមួយដែរ តែចំណែកអ័ប៊ីនើរមិននៅជាមួយនឹងដាវីឌក្នុងក្រុងហេប្រុនទេ ដ្បិតទ្រង់បានឲ្យលោកទៅផុតហើយ លោកក៏បានទៅដោយសុខសាន្ត
23. កាលយ៉ូអាប់ និងពួកពលទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក បានមកដល់ហើយ នោះគេជំរាបយ៉ូអាប់ថា អ័ប៊ីនើរ ជាកូននើរបានឡើងមកគាល់ស្តេច ហើយទ្រង់បានឲ្យទៅវិញដោយសុខសាន្ត
24. នោះយ៉ូអាប់លោកចូលទៅឯស្តេច ទូលសួរថា តើទ្រង់បានធ្វើអ្វីដូច្នេះ មើល អ័ប៊ីនើរបានមកគាល់ទ្រង់ តើហេតុអ្វីបានជាទ្រង់ឲ្យចេញទៅ ហើយវាទៅបាត់ដូច្នេះ
25. ទ្រង់ស្គាល់អ័ប៊ីនើរ ជាកូននើរហើយ ថាវាបានមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល និងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង
26. រួចកាលយ៉ូអាប់បានចេញពីចំពោះដាវីឌទៅ នោះក៏ចាត់គេឲ្យទៅតាមហៅអ័ប៊ីនើរមក គេនាំលោកពីត្រង់អណ្តូងស៊ីរ៉ា មកវិញ តែដាវីឌមិនជ្រាបទេ។
27. កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោក ទៅឯទីកណ្តាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសំងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន
28. កាលដាវីឌបានជ្រាប នោះទ្រង់មានព្រះបន្ទូលថា ឯអញហើយនឹងរាជ្យអញឥតមានទោសខាងឯឈាមអ័ប៊ីនើរ ជាកូននើរនេះ នៅចំពោះព្រះយេហូវ៉ា ជាដរាបទៅ
29. សូមឲ្យទោសនោះធ្លាក់ទៅលើក្បាលយ៉ូអាប់ និងវង្សាញាតិរបស់គេទាំងអស់វិញចុះ សូមកុំឲ្យខានមានអ្នកណា ក្នុងពូជពង្សយ៉ូអាប់ដែលហូរខ្ទុះ ឬកើតឃ្លង់ ឬដែលត្រូវច្រត់លើឈើច្រត់ ឬដែលដួលស្លាប់ដោយដាវ ឬដែលខ្វះអាហារនោះឡើង
30. គឺយ៉ាងនោះ ដែលយ៉ូអាប់ និងអ័ប៊ីសាយ ជាប្អូនលោកបានសំឡាប់អ័ប៊ីនើរទៅ ដោយព្រោះសំឡាប់អេសាអែលជាប្អូន នៅក្នុងចំបាំងត្រង់គីបៀន។
31. គ្រានោះ ដាវីឌទ្រង់ត្រាស់បង្គាប់ដល់យ៉ូអាប់ និងបណ្តាទ័ពរាល់គ្នា ដែលនៅជាមួយនឹងលោកថា ចូរឯងរាល់គ្នាហែកសំលៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ ឯដាវីឌទ្រង់ក៏យាងតាមក្តារមឈូសដែរ
32. គេបញ្ចុះសពអ័ប៊ីនើរ នៅត្រង់ហេប្រុន ហើយស្តេចទ្រង់ព្រះកន្សែង នៅត្រង់ផ្នូរលោក ឯពួករាស្ត្រទាំងប៉ុន្មានក៏យំសោកដែរ
33. ទ្រង់ទួញទំនួញនឹងអ័ប៊ីនើរថា តើគួរឲ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬអី
34. ដៃឯងឥតជាប់ចំណង ហើយជើងក៏ឥតជាប់ច្រវាក់ដែរ ឯងបានដួលស្លាប់ ដូចជាមនុស្សដែលត្រូវដួលស្លាប់ ដោយសារពួកទុច្ចរិត រួចបណ្តាជនទាំងអស់គ្នា ក៏យំ និងលោកម្តងទៀត
35. នោះបណ្តាជនទាំងប៉ុន្មានក៏មូលមក ដើម្បីនឹងតឿនឲ្យដាវីឌសោយព្រះស្ងោយ ក្នុងពេលដែលនៅភ្លឺនៅឡើយ ប៉ុន្តែ ដាវីឌទ្រង់ស្បថថា បើយើងគ្រាន់តែភ្លក់អាហារ ឬអ្វីទៀតមុនដែលថ្ងៃលិច នោះសូមឲ្យព្រះទ្រង់ធ្វើដល់យើងដូច្នេះ ហើយលើសទៅទៀតផងចុះ