4. អ្នកនោះនឹងបានដូចជាពន្លឺនៅពេលព្រលឹមស្រាង កាលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់
5. តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្តីសញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្តីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិតប្រាកដ ឯសេចក្តីសង្គ្រោះ និងសេចក្តីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះបើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ
6. តែបណ្តាពួកមនុស្សអាក្រក់សុទ្ធតែដូចបន្លាដែលគេចោល ពីព្រោះនឹងចាប់កាន់ដោយដៃមិនបាន
7. មនុស្សណាដែលពាល់វា ត្រូវតែមានដែក ហើយដងលំពែងផង គេនឹងដុតវាសុសនៅទីនោះឯង។
8. នេះជាឈ្មោះពួកខ្លាំងពូកែរបស់ដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សំឡាប់មនុស្ស៨០០ក្នុងគ្រាតែ១
9. បន្ទាប់ពីលោកមក មានអេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំង៣នាក់ ដែលនៅជាមួយនឹងដាវីឌ ក្នុងកាលដែលប្រកួតនឹងពួកភីលីស្ទីនដែលមូលគ្នាមកច្បាំង នៅវេលាដែលពួកអ៊ីស្រាអែលឡើងទៅបាត់ហើយ
10. លោកនេះក៏ក្រោកឡើងកាប់ចាក់ពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ប្រោសឲ្យមានជ័យជំនះយ៉ាងធំ រួចបណ្តាទ័ពក៏ត្រឡប់មកឯលោក ឲ្យទាន់តែនឹងប្រមូលរបឹបទេ
11. បន្ទាប់ពីលោកនោះមក មានសាំម៉ាជាកូនអ័កេ ពួកហារ៉ារី គ្រានោះ ពួកភីលីស្ទីនបានមូលគ្នា១កង នៅទីដែលមានចំការសណ្តែកបាយ ហើយពួកពលទ័ពក៏រត់ចេញពីមុខពួកភីលីស្ទីនទៅ
12. តែលោកឈរនៅកណ្តាលចំការនោះ រាំងរាហើយសំឡាប់ពួកភីលីស្ទីន ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យមានជ័យជំនះយ៉ាងធំ។
13. មាន៣នាក់ ក្នុងពួកជាប្រធានទាំង៣០ បានចុះទៅឯដាវីឌនៅក្នុងរអាងអាឌូឡាម ក្នុងរដូវចំរូត ឯកងពួកភីលីស្ទីន គេបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម
14. នៅគ្រានោះ ដាវីឌគង់នៅទីពំនួន ហើយមានពួកទ័ពភីលីស្ទីននៅត្រង់បេថ្លេហិម