17. រួចទូលថា ឱព្រះយេហូវ៉ាអើយ សូមឲ្យការយ៉ាងនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬអី គឺដោយហេតុនោះ បានជាទ្រង់មិនព្រមសោយទឹកនោះទេ អ្នកខ្លាំងពូកែទាំង៣នេះ បានប្រព្រឹត្តយ៉ាងដូច្នោះ។
18. ឯអ័ប៊ីសាយ ជាប្អូនយ៉ូអាប់កូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នោះ លោកបានលើកលំពែងសំឡាប់៣០០នាក់ ហើយក៏ល្បីឈ្មោះក្នុង៣នាក់នោះ
19. ក្នុងបណ្តា៣នាក់នោះ គេរាប់អានលោកជាងគេ បានជាលើកលោកធ្វើជាមេ ប៉ុន្តែ លោកមិនស្មើនឹងពួក៣នាក់មុននោះទេ។
20. រីឯបេណាយ៉ា ជាកូនយេហូយ៉ាដា ជាកូនរបស់អ្នកខ្លាំងពូកែម្នាក់នៅកាបសៀល ជាអ្នកដែលបានធ្វើការមានថ្វីដៃច្រើន លោកបានសំឡាប់កូនទាំង២របស់អ័រាលសាសន៍ម៉ូអាប់ទៅ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១នៅថ្ងៃមានហិមៈ
21. ហើយលោកសំឡាប់សាសន៍អេស៊ីព្ទម្នាក់ដែលគួរស្ញែងខ្លាច វាកាន់លំពែងនៅដៃ តែលោកមានតែដំបងកាន់ចុះទៅឯវាប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃនៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សំឡាប់ និងលំពែងរបស់ខ្លួនវានោះឯង
22. គឺការយ៉ាងនោះដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយក៏មានល្បីឈ្មោះក្នុងពួកខ្លាំងពូកែទាំង៣០នាក់នោះ
23. គេរាប់អានលោក ជាជាងមនុស្ស៣០នាក់ តែលោកមិនស្មើនឹងពួក៣នាក់មុននោះទេ ដាវីឌទ្រង់តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។