27. ទ្រង់សំដែងសេចក្តីបរិសុទ្ធចំពោះអ្នកណាដែលបរិសុទ្ធ តែទ្រង់តយុទ្ធនឹងមនុស្សក្រវិចក្រវៀនវិញ
28. ទ្រង់តែងសង្គ្រោះដល់មនុស្សដែលត្រូវគេសង្កត់សង្កិន តែព្រះនេត្រទ្រង់ទតឃើញពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ
29. ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាទ្រង់បំភ្លឺ ក្នុងទីងងឹតនៃទូលបង្គំ
30. ពីព្រោះដោយពឹងដល់ទ្រង់ នោះទូលបង្គំរត់ចូលទៅតនឹងកងទ័ព ដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំលោតរំលងកំផែងបាន
31. ឯផ្លូវរបស់ព្រះ នោះគ្រប់លក្ខណ៍ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលដែរ ទ្រង់ជាខែលដល់អស់អ្នកណាដែលជ្រកក្នុងទ្រង់។
32. តើអ្នកណាជាព្រះ លើកតែព្រះយេហូវ៉ាប៉ុណ្ណោះ ហើយតើអ្នកណាជាថ្មដា លើកតែព្រះនៃយើងខ្ញុំតែមួយ
33. ព្រះទ្រង់ជាបន្ទាយមាំមួននៃទូលបង្គំ ទ្រង់នាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍
34. ទ្រង់ធ្វើឲ្យជើងទូលបង្គំ បានដូចជាជើងក្តាន់ ហើយក៏ដាក់ឲ្យទូលបង្គំឈរលើទីខ្ពស់របស់ទូលបង្គំ
35. ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យជំនាញក្នុងការចំបាំង រហូតដល់ដើមដៃទូលបង្គំ មានកំឡាំងនឹងដំឡើងធ្នូលង្ហិនបាន
36. ទ្រង់បានប្រទានខែល នៃសេចក្តីសង្គ្រោះរបស់ទ្រង់ មកទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ទ្រង់បានលើកទូលបង្គំឡើងជាធំ
37. ទ្រង់បានធ្វើឲ្យជំហានទូលបង្គំទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ
38. ទូលបង្គំបានដេញតាមពួកខ្មាំងសត្រូវ ហើយបំផ្លាញគេបង់ ទូលបង្គំក៏មិនបានវិលមកវិញ ទាល់តែគេត្រូវវិនាសអស់រលីង
39. ទូលបង្គំបានធ្វើឲ្យគេវិនាសអស់រលីង បានទាំងចាក់ទំលុះគេ ឲ្យគេក្រោកឡើងវិញមិនរួច គេបានដួលនៅក្រោមជើងទូលបង្គំ
40. ដ្បិតទ្រង់បានក្រវាត់ទូលបង្គំ ដោយកំឡាំងសំរាប់ធ្វើចំបាំង ឯពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ នោះទ្រង់បានបន្ទន់គេ នៅក្រោមទូលបង្គំវិញ
41. ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានកាត់ពួកអ្នក ដែលស្អប់ទូលបង្គំចេញ
42. គេបានមើលជុំវិញ តែគ្មានអ្នកណាមួយ សំរាប់នឹងជួយសង្គ្រោះគេឡើយ ក៏សង្ឃឹមដល់ព្រះយេហូវ៉ា តែទ្រង់មិនបានឆ្លើយមកសោះ
43. នោះទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី ដូចធូលីដីក៏បានជាន់ឈ្លីគេ ដូចជាភក់ក្នុងផ្លូវ ហើយកំចាត់កំចាយអស់ទៅ។
44. ទ្រង់បានជួយទូលបង្គំឲ្យរួចពីការទាស់ទែងគ្នាក្នុងពួករាស្ត្រទូលបង្គំ ទ្រង់បានរក្សាទូលបង្គំទុក ឲ្យធ្វើជាមេលើអស់ទាំងនគរ សាសន៍១ដែលទូលបង្គំមិនបានស្គាល់ គេនឹងមកចំណុះទូលបង្គំ
45. ពួកសាសន៍ដទៃនឹងចុះចូលស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម
46. ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយនឹងចេញពីទីពួនរបស់គេមកដោយញាប់ញ័រ។