17. ទ្រង់ចាត់ពីលើស្ថានដ៏ខ្ពស់ ឲ្យមកចាប់ទូលបង្គំស្រង់ចេញពីទឹកធំ
18. ទ្រង់បានដោះឲ្យទូលបង្គំរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ គឺពីពួកអ្នកដែលស្អប់ទូលបង្គំ ដ្បិតគេមានកំឡាំងច្រើនជាងទូលបង្គំ
19. នៅថ្ងៃដែលទូលបង្គំកើតមានសេចក្តីអន្តរាយ នោះគេបានមកស្ទាក់ផ្លូវទូលបង្គំ តែព្រះយេហូវ៉ាទ្រង់ជាជន្ទល់នៃទូលបង្គំ
20. ទ្រង់ក៏បាននាំទូលបង្គំចេញទៅនៅទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដោយព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំ
21. ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់ តាមសេចក្តីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំតាមសេចក្តីបរិសុទ្ធនៃដៃទូលបង្គំ
22. ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវនៃព្រះយេហូវ៉ា ហើយមិនដែលថយក្រោយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្តីអាក្រក់ឡើយ
23. ពីព្រោះគ្រប់ទាំងបញ្ញត្តរបស់ទ្រង់ បាននៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញ ពីក្រឹត្យរបស់ទ្រង់ណាមួយសោះ
24. ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្តីអាក្រក់របស់ទូលបង្គំ
25. ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់ប្រទានរង្វាន់មក តាមសេចក្តីទៀងត្រង់របស់ទូលបង្គំ គឺតាមសេចក្តីបរិសុទ្ធរបស់ទូលបង្គំនៅចំពោះព្រះនេត្រទ្រង់។
26. ទ្រង់សំដែងសេចក្តីមេត្តា ចំពោះអ្នកណា ដែលមានចិត្តមេត្តា ក៏សំដែងសេចក្តីគ្រប់លក្ខណ៍ ចំពោះអ្នកណាដែលគ្រប់លក្ខណ៍
27. ទ្រង់សំដែងសេចក្តីបរិសុទ្ធចំពោះអ្នកណាដែលបរិសុទ្ធ តែទ្រង់តយុទ្ធនឹងមនុស្សក្រវិចក្រវៀនវិញ
28. ទ្រង់តែងសង្គ្រោះដល់មនុស្សដែលត្រូវគេសង្កត់សង្កិន តែព្រះនេត្រទ្រង់ទតឃើញពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ
29. ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាទ្រង់បំភ្លឺ ក្នុងទីងងឹតនៃទូលបង្គំ
30. ពីព្រោះដោយពឹងដល់ទ្រង់ នោះទូលបង្គំរត់ចូលទៅតនឹងកងទ័ព ដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំលោតរំលងកំផែងបាន