8. តែទ្រង់យកកូនប្រុសទាំង២របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយសូល គឺអើម៉ូនី១ មភីបូសែត១ ព្រមទាំងកូនប្រុស៥នាក់របស់នាងមីកាល ជាបុត្រីសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ
9. ទ្រង់ក៏ប្រគល់អ្នកទាំងនោះ ទៅក្នុងកណ្តាប់ដៃរបស់ពួកគីបៀន ហើយគេចងកនៅលើភ្នំ នៅចំពោះព្រះយេហូវ៉ាទៅ អ្នកទាំង៧នោះក៏ស្លាប់ជាមួយគ្នា គេសំឡាប់អ្នកទាំងនោះ នៅថ្ងៃដំបូងក្នុងរដូវចំរូត កាលទើបនឹងចាប់តាំងច្រូតស្រូវឱក។
10. ឯរីសប៉ា ជាកូនអ័យ៉ា នាងក៏យកសំពត់ធ្មៃក្រាលសំរាប់ខ្លួននៅលើថ្មដានោះ ចាប់តាំងពីដើមរដូវចំរូត រហូតដល់មានភ្លៀងធ្លាក់ពីលើមេឃមកលើសពទាំងនោះ នាងមិនឲ្យសត្វហើរមកទំលើសពនៅវេលាថ្ងៃ ឬសត្វព្រៃនៅវេលាយប់ឡើយ
11. មានគេមកទូលដាវីឌពីការដែលរីសប៉ា កូនអ័យ៉ា ជាអ្នកម្នាងរបស់សូលធ្វើនោះ។
12. លំដាប់នោះ ដាវីឌក៏ទៅយកអដ្ឋិរបស់សូល និងយ៉ូណាថាន ជាបុត្រទ្រង់ ពីពួកយ៉ាបេស-កាឡាត ដែលគេបានលួចយកពីទីធ្លាក្រុងបេត-សាន ជាកន្លែងដែលពួកភីលីស្ទីនបានព្យួរ នៅថ្ងៃដែលគេសំឡាប់ទ្រង់ នៅភ្នំគីលបោ
13. ទ្រង់ក៏នាំយកអដ្ឋិរបស់សូល និងយ៉ូណាថានជាបុត្រាទ្រង់ ពីទីនោះមក រួចគេប្រមូលអដ្ឋិនៃពួកបុត្រដែលត្រូវចងកនោះដែរ
14. គេបញ្ចុះអដ្ឋិរបស់សូល និងយ៉ូណាថាន ជាបុត្រាទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតាទ្រង់ត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសំរេចតាមគ្រប់ទាំងការ ដែលស្តេចទ្រង់បង្គាប់មក គ្រាក្រោយនោះមក ព្រះទ្រង់ប្រោសសណ្តាប់ស្តាប់សេចក្តីទូលអង្វរ របស់ស្រុកនោះវិញ។
15. នៅគ្រានោះ ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែល១លើកទៀត ឯដាវីឌទ្រង់ក៏ចុះទៅជាមួយនឹងពួកពលទ័ពទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ទ្រង់ក៏ទន់កំឡាំងជាខ្លាំង
16. ហើយយីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសំបើម លំពែងរបស់វាមានទំងន់ជាលង្ហិន៣០០ដំឡឹង ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សំឡាប់ដាវីឌ
17. តែអ័ប៊ីសាយ ជាកូនសេរូយ៉ា បានមកការពារជំនួសទ្រង់ ក៏កាប់សំឡាប់សាសន៍ភីលីស្ទីននោះទៅ ដូច្នេះ ពួកទ័ពរបស់ដាវីឌបានស្បថនឹងទ្រង់ថា ទ្រង់មិនត្រូវចេញទៅជាមួយនឹងយើងខ្ញុំរាល់គ្នា ក្នុងទីចំបាំងទៀតឡើយ ក្រែងរលត់ពន្លឺនៃសាសន៍អ៊ីស្រាអែលទៅ។
18. ក្រោយនោះមក កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅវេលានោះស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់សាភ ជាកូននៃអ្នកមានមាឌធំនោះទៅ
19. ក៏មានចំបាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន ជាកូនយ្អារេ-អូរគីមពីបេថ្លេហិម គាត់បានសំឡាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំដំបាញ