12. លំដាប់នោះ ដាវីឌក៏ទៅយកអដ្ឋិរបស់សូល និងយ៉ូណាថាន ជាបុត្រទ្រង់ ពីពួកយ៉ាបេស-កាឡាត ដែលគេបានលួចយកពីទីធ្លាក្រុងបេត-សាន ជាកន្លែងដែលពួកភីលីស្ទីនបានព្យួរ នៅថ្ងៃដែលគេសំឡាប់ទ្រង់ នៅភ្នំគីលបោ
13. ទ្រង់ក៏នាំយកអដ្ឋិរបស់សូល និងយ៉ូណាថានជាបុត្រាទ្រង់ ពីទីនោះមក រួចគេប្រមូលអដ្ឋិនៃពួកបុត្រដែលត្រូវចងកនោះដែរ
14. គេបញ្ចុះអដ្ឋិរបស់សូល និងយ៉ូណាថាន ជាបុត្រាទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតាទ្រង់ត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសំរេចតាមគ្រប់ទាំងការ ដែលស្តេចទ្រង់បង្គាប់មក គ្រាក្រោយនោះមក ព្រះទ្រង់ប្រោសសណ្តាប់ស្តាប់សេចក្តីទូលអង្វរ របស់ស្រុកនោះវិញ។
15. នៅគ្រានោះ ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែល១លើកទៀត ឯដាវីឌទ្រង់ក៏ចុះទៅជាមួយនឹងពួកពលទ័ពទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ទ្រង់ក៏ទន់កំឡាំងជាខ្លាំង
16. ហើយយីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសំបើម លំពែងរបស់វាមានទំងន់ជាលង្ហិន៣០០ដំឡឹង ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សំឡាប់ដាវីឌ
17. តែអ័ប៊ីសាយ ជាកូនសេរូយ៉ា បានមកការពារជំនួសទ្រង់ ក៏កាប់សំឡាប់សាសន៍ភីលីស្ទីននោះទៅ ដូច្នេះ ពួកទ័ពរបស់ដាវីឌបានស្បថនឹងទ្រង់ថា ទ្រង់មិនត្រូវចេញទៅជាមួយនឹងយើងខ្ញុំរាល់គ្នា ក្នុងទីចំបាំងទៀតឡើយ ក្រែងរលត់ពន្លឺនៃសាសន៍អ៊ីស្រាអែលទៅ។
18. ក្រោយនោះមក កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅវេលានោះស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់សាភ ជាកូននៃអ្នកមានមាឌធំនោះទៅ
19. ក៏មានចំបាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន ជាកូនយ្អារេ-អូរគីមពីបេថ្លេហិម គាត់បានសំឡាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំដំបាញ
20. នៅត្រង់ក្រុងកាថក៏មានចំបាំងទៀតដែរ នៅទីនោះ មានមនុស្សម្នាក់មានមាឌធំសំបើម មានម្រាមដៃ៦ទាំងសងខាង ឯជើងទាំងសងខាង ក៏មានម្រាម៦ដែរ រួមទាំងអស់ជា២៤ អ្នកនោះក៏កើតពីពូជអ្នកដែលមានមាឌធំនោះ
21. កាលវាប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋានៃដាវីឌបានសំឡាប់វាទៅ
22. អ្នកទាំង៤នេះជាពូជនៃអ្នកមានមាឌធំសំបើម ដែលនៅក្រុងកាថ ហើយក៏ស្លាប់ទៅ ដោយដៃដាវីឌ និងពួកទ័ពទ្រង់។