1. នៅគ្រាស្តេចដាវីឌ នោះមានអំណត់អត់អស់ពេញ៣ឆ្នាំ ហើយដាវីឌទ្រង់រកព្រះយេហូវ៉ា ដើម្បីទូលសួរហេតុ រួចព្រះយេហូវ៉ាទ្រង់ឆ្លើយថា គឺដោយព្រោះសូល និងវង្សញាតិទ្រង់ ដែលកំចាយឈាម ដ្បិតទ្រង់បានសំឡាប់ពួកគីបៀន
2. ដូច្នេះ ស្តេចដាវីឌទ្រង់ហៅពួកគីបៀនមកសួរគេ (រីឯពួកគីបៀនគេមិនមែនជាពូជកូនចៅអ៊ីស្រាអែលទេ គឺជាសំណល់នៃពូជអាម៉ូរីវិញ ហើយពួកកូនចៅអ៊ីស្រាអែលបានស្បថនឹងគេ តែសូលទ្រង់រកសំឡាប់គេដោយមានសេចក្តីខ្នះខ្នែង ដល់ពួកកូនចៅអ៊ីស្រាអែល និងពួកយូដាវិញ)
3. ដាវីឌទ្រង់សួរគីបៀនថា តើចង់ឲ្យយើងសងអ្នករាល់គ្នាយ៉ាងណាខ្លះ តើត្រូវឲ្យយើងធ្វើអ្វីឲ្យធួននឹងការនោះ ដើម្បីឲ្យអ្នករាល់គ្នា បានឲ្យពរដល់មរដកនៃព្រះយេហូវ៉ាផង