12. ឯអ័ម៉ាសាលោកននៀលក្នុងឈាម នាកណ្តាលផ្លូវ កាលអ្នកនោះឃើញថា បណ្តាទ័ពទាំងប៉ុន្មានឈប់ឈរនៅ នោះគាត់យកអ័ម៉ាសាចេញពីផ្លូវទៅដាក់នៅវាលវិញ ហើយយកអាវ១គ្រប ព្រោះឃើញថាគ្រប់គ្នាដែលមកដល់ទីនោះចេះតែឈប់នៅ
13. កាលបានយកលោកចេញពីផ្លូវហើយ នោះបណ្តាទ័ពក៏ដើរតាមយ៉ូអាប់ទៅ ដើម្បីនឹងដេញតាមសេបាជាកូនប៊ីគ្រី។
14. អ្នកនោះដើរកាត់គ្រប់ទាំងខែត្រនៃពូជអំបូរអ៊ីស្រាអែលទៅ ដល់ត្រឹមក្រុងអេបិល-បេត-ម្អាកា ហើយពួកបេរី ក៏មូលគ្នាទាំងអស់ទៅតាមវាដែរ
15. ពួកខាងយ៉ូអាប់ក៏មកឡោមព័ទ្ធវា នៅក្រុងអេបិល-បេតា-ម្អាកា គេលើកដីបង្គរឡើង ធ្វើជាផ្លូវទៅដល់កំផែង ហើយពួកទ័ពក៏បុកកំផែង ដើម្បីនឹងរំលំចេញ
16. នៅគ្រានោះ មានស្រីប្រាជ្ញម្នាក់ ស្រែកមកពីក្នុងទីក្រុងថា សូមស្តាប់ៗ សូមជំរាបឲ្យយ៉ូអាប់អញ្ជើញមកជិតនេះសិន ដើម្បីឲ្យខ្ញុំបាននិយាយនឹងលោក
17. លោកក៏ចូលទៅជិតនាង រួចនាងសួរថា តើលោកឈ្មោះយ៉ូអាប់ឬអី លោកឆ្លើយថា គឺខ្ញុំនេះហើយ រួចនាងពោលថា សូមស្តាប់ពាក្យរបស់ខ្ញុំជាបាវលោកសិន លោកឆ្លើយថា ខ្ញុំកំពុងស្តាប់
18. នោះនាងនិយាយថា កាលដើមដំបូងគេធ្លាប់ពោលថា ពិតប្រាកដជាគេនឹងសួររកដំបូន្មាននៃពួកក្រុងអេបិល គឺយ៉ាងនោះដែលគេបានសំរេចការនីមួយៗ
19. ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្តីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុង១ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មរដកនៃព្រះយេហូវ៉ាធ្វើអី
20. នោះយ៉ូអាប់ឆ្លើយតបថា សូមឲ្យបំណងចង់លេបបំបាត់ ហើយបំផ្លាញ បាននៅឆ្ងាយពីខ្ញុំ គឺឲ្យបាននៅឆ្ងាយពីខ្ញុំពិត
21. មិនមែនដូច្នោះទេ គឺមានមនុស្សម្នាក់ដែលមកពីស្រុកភ្នំអេប្រាអិម ឈ្មោះសេបា ជាកូនប៊ីគ្រី វាបានលើកដៃក្បត់ចំពោះស្តេចដាវីឌវិញ ចូរប្រគល់តែខ្លួនវា១មកប៉ុណ្ណោះ នោះយើងនឹងថយចេញពីទីក្រុងនេះទៅហើយ ស្រីនោះឆ្លើយមកយ៉ូអាប់ថា ចាំមើល គេនឹងបោះក្បាលវារំលងកំផែងមកជូនលោក
22. នោះនាងក៏ទៅបញ្ចុះបញ្ចូលមនុស្សទាំងឡាយ ដោយប្រាជ្ញារបស់នាង ហើយគេកាត់ក្បាលសេបា ជាកូនប៊ីគ្រី បោះទៅជូនយ៉ូអាប់ រួចលោកផ្លុំត្រែឡើង ហើយគេក៏ថយចេញពីទីក្រុងនោះ ត្រឡប់ទៅឯទីលំនៅរបស់គេគ្រប់ៗគ្នាទៅ ចំណែកយ៉ូអាប់លោកក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រួចចូលទៅគាល់ស្តេច។
23. ចំណែកឯយ៉ូអាប់ លោកជាអ្នកត្រួតលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ បេណាយ៉ា ជាកូនយេហូយ៉ាដា លោកជាមេលើពួកកេរេធីម និងពួកពេលេធីម
24. អ័ដូរ៉ាម លោកជាមេកំណែន ឯយ៉ូសាផាតជាកូនអ័ហ៊ីលូឌ លោកជាអ្នកកត់ត្រាពង្សាវតារ