1. រីឯនៅទីនោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី ពូជបេនយ៉ាមីន វាក៏ផ្លុំត្រែឡើងពោលថា យើងរាល់គ្នាគ្មានចំណែកខាងដាវីឌ ក៏គ្មានមរដកខាងកូនអ៊ីសាយទេ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅឯទីលំនៅយើងគ្រប់គ្នាទៅ
2. ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ ក៏លះបង់ចោលដាវីឌ ទៅតាមសេបា ជាកូនប៊ីគ្រីវិញ តែពួកយូដាគេតាមស្តេចគេជាប់ទៅ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡិម។
3. ដាវីឌក៏យាងមកដល់ដំណាក់ទ្រង់ នៅក្រុងយេរូសាឡិម នោះទ្រង់យកពួកអ្នកម្នាងទាំង១០នាក់ ដែលបានទុកឲ្យនៅចាំដំណាក់ទៅបង្ខាំងទុក ហើយចិញ្ចឹមរក្សាដោយស្បៀងអាហារ តែមិនបានយាងចូលទៅឯនាងណាមួយទៀតទេ ដូច្នេះ នាងទាំងនោះត្រូវបង្ខាំងទុកឲ្យនៅជាមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
4. រួចមក ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ទៅអ័ម៉ាសាថា ចូរកេណ្ឌពួកយូដា ឲ្យមកឯយើងក្នុង៣ថ្ងៃ ហើយត្រូវឲ្យអ្នកនៅទីនេះដែរ
5. ដូច្នេះ អ័ម៉ាសាក៏ចេញទៅកេណ្ឌពួកយូដា តែលោកបង្អង់នៅហួសវេលាកំណត់ដែលស្តេចបានបង្គាប់
6. នោះដាវីឌមានព្រះបន្ទូលទៅអ័ប៊ីសាយថា ឥឡូវនេះ សេបា ជាកូនប៊ីគ្រីនឹងប្រទូសរ៉ាយដល់យើងលើសជាងអាប់សាឡំមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយនៃអ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយបាត់ពីយើងទៅ
7. ដូច្នេះ កងទ័ពរបស់យ៉ូអាប់ ព្រមទាំងពួកកេរេធីម និងពួកពេលេធីម ហើយពួកខ្លាំងពូកែទាំងអស់ ក៏ចេញទៅជាមួយនឹងលោក គេចេញពីក្រុងយេរូសាឡិម ទៅដេញតាមសេបាជាកូនប៊ីគ្រី
8. កាលបានទៅដល់ថ្មធំនៅស្រុកគីបៀនហើយ នោះអ័ម៉ាសាក៏មកប្រទះនឹងគេ ឯយ៉ូអាប់លោកបានពាក់អាវក្រោះ ហើយនៅចង្កេះមានកាំបិតនែបនៅខ្សែក្រវាត់ កំពុងដែលលោកដើរទៅមុខ នោះកាំបិតក៏របូតចេញ
9. រួចលោកសួរទៅអ័ម៉ាសាថា បងអើយ សុខសប្បាយជាទេឬ យ៉ូអាប់ក៏លូកដៃស្តាំទៅចាប់ពុកចង្កាអ័ម៉ាសា ដើម្បីនឹងថើប
10. ឯអ័ម៉ាសាមិនបានជារវាំងនឹងកាំបិត ដែលនៅដៃយ៉ូអាប់ទេ ដូច្នេះ យ៉ូអាប់ក៏ចាក់វះពោះលោកឲ្យធ្លាយពោះវៀន ចេញទ្រេលដល់ដី ឥតមានចាក់ម្តងទៀតទេ ហើយលោកក៏ស្លាប់ទៅ រួចយ៉ូអាប់ និងអ័ប៊ីសាយ ជាប្អូនក៏ដេញតាមសេបា ជាកូនប៊ីគ្រីទៅ
11. មានម្នាក់ក្នុងពួកយ៉ូអាប់ ឈរជិតលោកប្រកាសថា អ្នកណាដែលស្ម័គ្រចិត្តខាងយ៉ូអាប់ ហើយនៅខាងដាវីឌ ចូរមកតាមយ៉ូអាប់ចុះ
12. ឯអ័ម៉ាសាលោកននៀលក្នុងឈាម នាកណ្តាលផ្លូវ កាលអ្នកនោះឃើញថា បណ្តាទ័ពទាំងប៉ុន្មានឈប់ឈរនៅ នោះគាត់យកអ័ម៉ាសាចេញពីផ្លូវទៅដាក់នៅវាលវិញ ហើយយកអាវ១គ្រប ព្រោះឃើញថាគ្រប់គ្នាដែលមកដល់ទីនោះចេះតែឈប់នៅ
13. កាលបានយកលោកចេញពីផ្លូវហើយ នោះបណ្តាទ័ពក៏ដើរតាមយ៉ូអាប់ទៅ ដើម្បីនឹងដេញតាមសេបាជាកូនប៊ីគ្រី។
14. អ្នកនោះដើរកាត់គ្រប់ទាំងខែត្រនៃពូជអំបូរអ៊ីស្រាអែលទៅ ដល់ត្រឹមក្រុងអេបិល-បេត-ម្អាកា ហើយពួកបេរី ក៏មូលគ្នាទាំងអស់ទៅតាមវាដែរ
15. ពួកខាងយ៉ូអាប់ក៏មកឡោមព័ទ្ធវា នៅក្រុងអេបិល-បេតា-ម្អាកា គេលើកដីបង្គរឡើង ធ្វើជាផ្លូវទៅដល់កំផែង ហើយពួកទ័ពក៏បុកកំផែង ដើម្បីនឹងរំលំចេញ