7. ដូច្នេះ សូមឲ្យអ្នករាល់គ្នាមានកំឡាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតសូល ជាចៅហ្វាយនៃអ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀត ពួកជនជាតិយូដា បានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ។
8. រីឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់សូល លោកបាននាំយកអ៊ីស-បូសែតជាបុត្រាសូល ទៅឯក្រុងម៉ាហាណែម
9. ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន ហើយនឹងលើពួកអ៊ីស្រាអែលទាំងអស់
10. ឯអ៊ីស-បូសែត ជាបុត្រាសូលនេះ ទ្រង់មានព្រះជន្ម៤០ឆ្នាំហើយ ក្នុងកាលដែលចាប់សោយរាជ្យលើពួកអ៊ីស្រាអែល ទ្រង់ក៏សោយរាជ្យបាន២ឆ្នាំ តែពួកជនជាតិយូដា គេប្រតិបត្តិតាមដាវីឌវិញ
11. ហើយគ្រាដែលដាវីឌសោយរាជ្យលើជនជាតិយូដា នៅក្រុងហេប្រុន នោះទាំងអស់បាន៧ឆ្នាំ៦ខែ។
12. ឯអ័ប៊ីនើរ ជាកូននើរ និងពួកខាងអ៊ីស-បូសែតជាបុត្រាសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន
13. ហើយយ៉ូអាប់ ជាកូនសេរូយ៉ា និងពួកខាងដាវីឌក៏ចេញទៅប្រទះគ្នា នៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងពួក១ ម្ខាងពួក១
14. នោះអ័ប៊ីនើរនិយាយទៅយ៉ូអាប់ថា ចូរឲ្យពួកកំឡោះៗក្រោកឡើងលេងគ្នានៅមុខយើងទៅ យ៉ូអាប់ក៏ឆ្លើយថា ចូរឲ្យគេក្រោកឡើងចុះ
15. នោះគេក៏ក្រោកឡើងទៅតាមចំនួនដែលបានកំណត់ គឺមាន១២នាក់ដំណាងខាងពួកបេនយ៉ាមីន និងអ៊ីស-បូសែតជាបុត្រាសូល ហើយ១២នាក់ដំណាងខាងពួកដាវីឌ
16. គ្រប់គ្នាក៏ចាប់ក្បាលគូគេរៀងខ្លួន ហើយចាក់គ្នាត្រង់ចំហៀងដោយដាវ ដួលស្លាប់ទាំងអស់គ្នាទៅ ដូច្នេះ គេហៅទីនោះថា ហេលកាត-ហាស៊ូរីម ទីនោះនៅត្រង់គីបៀន
17. រួចនៅថ្ងៃនោះ ចំបាំងក៏សាហាវណាស់ ហើយអ័ប៊ីនើរ និងពួកខាងអ៊ីស្រាអែល ត្រូវចាញ់ដៃនៃពួកខាងដាវីឌ។
18. រីឯយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ទាំង៣នាក់ដែលជាកូនសេរូយ៉ា ក៏នៅទីនោះ ឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ
19. គាត់ក៏ដេញតាមអ័ប៊ីនើរទៅ ឥតបង្អង់ដោយងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ