17. រួចនៅថ្ងៃនោះ ចំបាំងក៏សាហាវណាស់ ហើយអ័ប៊ីនើរ និងពួកខាងអ៊ីស្រាអែល ត្រូវចាញ់ដៃនៃពួកខាងដាវីឌ។
18. រីឯយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ទាំង៣នាក់ដែលជាកូនសេរូយ៉ា ក៏នៅទីនោះ ឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ
19. គាត់ក៏ដេញតាមអ័ប៊ីនើរទៅ ឥតបង្អង់ដោយងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ
20. នោះអ័ប៊ីនើរក៏ក្រឡេកមើលមកក្រោយ សួរថា តើឯងឬអីអេសាអែលអើយ គាត់ឆ្លើយថា គឺអញនេះហើយ
21. ដូច្នេះ អ័ប៊ីនើរប្រាប់គាត់ថា ចូរឯងបែរទៅខាងស្តាំ ឬខាងឆ្វេង ដើម្បីនឹងចាប់កំឡោះណាម្នាក់ ហើយយកគ្រឿងសស្ត្រាវុធរបស់គេវិញ តែអេសាអែលចេះតែដេញតាមលោកទៅ មិនព្រមបែរចេញឡើយ
22. អ័ប៊ីនើរក៏ប្រាប់ទៅអេសាអែលម្តងទៀតថា ចូរឯងបែរចេញលែងតាមអញទៅ ត្រូវឲ្យអញវាយឯងឲ្យដួលដល់ដីធ្វើអី បើដូច្នោះធ្វើដូចម្តេចឲ្យអញបានងើបមុខនៅចំពោះយ៉ូអាប់ ជាបងឯងបាន
23. ប៉ុន្តែ គាត់មិនព្រមបែរចេញសោះឡើយ បានជាអ័ប៊ីនើរកាន់លំពែងបុះទៅក្រោយ ត្រូវត្រង់ពោះគាត់ ដោយចុងដងលំពែង ធ្លុះចេញមកក្រោយ ហើយគាត់ដួលស្លាប់នៅទីនោះឯង ឯអស់អ្នកដែលមកតាមក្រោយ ដល់កន្លែងអេសាអែលដួលស្លាប់នោះ គេក៏ឈប់នៅ។
24. យ៉ូអាប់ និងអ័ប៊ីសាយ គេចេះតែដេញតាមអ័ប៊ីនើរទៅ កាលគេមកដល់ភ្នំអាំម៉ា ដែលនៅប្រទល់មុខនឹងគីយ៉ា តាមផ្លូវកាត់ទីរហោស្ថានគីបៀន នោះថ្ងៃក៏លិច
25. ចំណែកពួកខាងបេនយ៉ាមីន គេមូលផ្តុំគ្នាជាពួក១នឹងអ័ប៊ីនើរ ក៏ឈរនៅលើកំពូលកូនភ្នំ១
26. នោះអ័ប៊ីនើរក៏ស្រែកហៅទៅយ៉ូអាប់ថា តើត្រូវឲ្យដាវស៊ីបំផ្លាញជារៀងរាបដរាបឬ តើមិនដឹងទេឬអី ថាដល់ចុងបំផុតនឹងមានសេចក្តីជូរចត់ ដូច្នេះ តើចាំដល់កាលណាទៀត ទើបប្រាប់ដល់ពួកពល ឲ្យត្រឡប់វិលទៅវិញ លែងដេញតាមបងប្អូនគេនោះ
27. យ៉ូអាប់ឆ្លើយថា ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់ថា បើឯងមិនបាននិយាយទេ នោះដល់ព្រឹកឡើង គង់តែពួកពលទាំងប៉ុន្មាន បានចេញទៅលែងដេញតាមបងប្អូនគេរៀងខ្លួនហើយ
28. ដូច្នេះ យ៉ូអាប់ក៏ផ្លុំត្រែឡើង ហើយពួកពលឈប់នឹងនៅ គេលែងដេញតាមពួកអ៊ីស្រាអែលតទៅ ក៏មិនបានច្បាំងគ្នាទៀតឡើយ
29. ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាល ពេញ១យប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោន ដល់ទៅម៉ាហាណែមវិញ។
30. យ៉ូអាប់ក៏វិលត្រឡប់មក ពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែ១៩នាក់ ហើយនឹងអេសាអែលប៉ុណ្ណោះ