6. ដោយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ទ្រង់ ហើយក៏ស្អប់ដល់ពួកអ្នកដែលស្រឡាញ់ទ្រង់វិញ ដ្បិតនៅថ្ងៃនេះ ព្រះករុណាបានសំដែងថា ទ្រង់មិនរាប់អានដល់ទាំងពួកអ្នកធំតូចផង ហើយនៅថ្ងៃនេះ ទូលបង្គំក៏យល់ឃើញថា បើអាប់សាឡំមនៅរស់នៅឡើយ ហើយយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានជាទីពេញដល់ព្រះហឫទ័យទ្រង់ណាស់
7. ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានព្រះបន្ទូលឲ្យពួកអ្នកបំរើទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា បើសិនជាទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយ នៅជាមួយនឹងទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត
8. ដូច្នេះ ស្តេចទ្រង់ក៏ក្រោកឡើង យាងចេញទៅគង់នៅមាត់ទ្វារក្រុង ហើយមានគេទៅប្រកាសដល់បណ្តាជនទាំងឡាយថា មើលស្តេចទ្រង់កំពុងតែគង់នៅមាត់ទ្វារ នោះពួកបណ្តាជនទាំងឡាយ ក៏មកគាល់នៅចំពោះស្តេច។
9. រីឯពួកអ៊ីស្រាអែល គេបានរត់ទៅឯទីលំនៅរបស់គេរៀងខ្លួន ហើយបណ្តាជនទាំងឡាយក៏កើតវិវាទគ្នា នៅពេញក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ថា ស្តេចទ្រង់បានជួយឲ្យយើងរួចពីកណ្តាប់ដៃរបស់ពួកខ្មាំងសត្រូវយើង ក៏បានជួយសង្គ្រោះឲ្យរួចពីកណ្តាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ពីមុខអាប់សាឡំម ចេញពីនគរទៅ
10. ឯអាប់សាឡំម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះ ហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ។
11. ចំណែកស្តេចដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងអ័បៀថើរដ៏ជាសង្ឃ ដោយព្រះបន្ទូលថា ចូរសួរដល់ពួកចាស់ទុំនៃពួកយូដាថា ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ ដ្បិតសូរសព្ទ ដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯព្រះរាជមន្ទីរហើយ
12. អ្នករាល់គ្នាជាពួកញាតិ ហើយជាសាច់ឈាមនឹងយើងផង ហេតុអ្វីបានជានៅយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកវិញដូច្នេះ
13. មួយទៀតត្រូវប្រាប់ដល់អ័ម៉ាសាថា តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬអី បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួយយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង
14. យ៉ាងនោះទ្រង់បានបំពត់ចិត្តរបស់ពួកយូដាទាំងអស់ ឲ្យព្រមព្រៀងគ្នាដូចជាមនុស្សតែម្នាក់វិញ ដល់ម៉្លេះបានជាគេចាត់ទៅឯស្តេចទូលថា សូមព្រះករុណាទ្រង់យាងត្រឡប់មក ព្រមទាំងពួកទ្រង់ផង
15. ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចម្លងទ្រង់ពីទន្លេយ័រដាន់មក។
16. រីឯស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងពូជអំបូរបេនយ៉ាមីន ដែលនៅភូមិបាហ៊ូរីម ក៏ប្រញាប់ចុះមកទទួលស្តេចដាវីឌជាមួយនឹងពួកយូដាដែរ
17. មានទាំងពួកបេនយ៉ាមីន១ពាន់នាក់ ហើយស៊ីបា ជាអ្នកបំរើរបស់ព្រះវង្សនៃសូល និងកូនទាំង១៥នាក់ ព្រមទាំងបាវបំរើគាត់ទាំង២០នាក់ មកជាមួយផង គេនាំគ្នាឆ្លងទន្លេយ័រដាន់ទៅ នៅចំពោះស្តេច
18. ក៏មានទូក១ឆ្លងទៅសំរាប់នឹងទទួលចម្លងពួករាជវង្សស្តេចមក ហើយនឹងធ្វើតាមព្រះទ័យទ្រង់ នៅគ្រាដែលស្តេចរៀបឆ្លងទន្លេយ័រដាន់មក នោះស៊ីម៉ាយ ជាកូនកេរ៉ា ក៏ផ្តួលខ្លួនក្រាបចុះ នៅចំពោះទ្រង់ ទូលថា
19. បពិត្រព្រះអម្ចាស់ សូមកុំប្រកាន់ទោសទូលបង្គំឡើយ សូមកុំរឭកដល់សេចក្តីអាក្រក់ ដែលទូលបង្គំជាបាវបំរើទ្រង់ បានប្រព្រឹត្តដោយល្មើស នៅថ្ងៃដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានយាងចេញពីក្រុងយេរូសាឡិមទៅនោះ ឬយកព្រះទ័យទុកដាក់ឲ្យសោះ
20. ដ្បិតទូលបង្គំ ជាបាវបំរើនៃទ្រង់យល់ឃើញថា បានធ្វើអាក្រក់ហើយ ហេតុនោះបានជាទូលបង្គំមកដល់ នៅថ្ងៃនេះ មុនជាងបណ្តាវង្សានុវង្សនៃយ៉ូសែបទៅទៀត ដើម្បីនឹងចុះមកទទួលព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ
21. តែអ័ប៊ីសាយ ជាកូនសេរូយ៉ា ចាប់ពាក្យទូលថា តើមិនត្រូវសំឡាប់ស៊ីម៉ាយ ដោយព្រោះបានជេរប្រមាថ ដល់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេឬអី
22. ប៉ុន្តែ ដាវីឌមានព្រះបន្ទូលថា ឱកូនសេរូយ៉ារាល់គ្នាអើយ តើយើងត្រូវការអ្វីនឹងឯង បានជាឯងមកធ្វើជាអ្នកទាស់ទទឹងនឹងយើងនៅថ្ងៃនេះដូច្នេះ តើត្រូវសំឡាប់មនុស្សក្នុងពួកអ៊ីស្រាអែលនៅថ្ងៃនេះឬអី ដ្បិតតើយើងមិនដឹងទេឬអីថា នៅថ្ងៃនេះ យើងជាស្តេចលើសាសន៍អ៊ីស្រាអែលវិញហើយ
23. រួចស្តេចទ្រង់មានព្រះបន្ទូលស្បថនឹងស៊ីម៉ាយថា ឯងមិនត្រូវស្លាប់ទេ។