19. បពិត្រព្រះអម្ចាស់ សូមកុំប្រកាន់ទោសទូលបង្គំឡើយ សូមកុំរឭកដល់សេចក្តីអាក្រក់ ដែលទូលបង្គំជាបាវបំរើទ្រង់ បានប្រព្រឹត្តដោយល្មើស នៅថ្ងៃដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានយាងចេញពីក្រុងយេរូសាឡិមទៅនោះ ឬយកព្រះទ័យទុកដាក់ឲ្យសោះ
20. ដ្បិតទូលបង្គំ ជាបាវបំរើនៃទ្រង់យល់ឃើញថា បានធ្វើអាក្រក់ហើយ ហេតុនោះបានជាទូលបង្គំមកដល់ នៅថ្ងៃនេះ មុនជាងបណ្តាវង្សានុវង្សនៃយ៉ូសែបទៅទៀត ដើម្បីនឹងចុះមកទទួលព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ
21. តែអ័ប៊ីសាយ ជាកូនសេរូយ៉ា ចាប់ពាក្យទូលថា តើមិនត្រូវសំឡាប់ស៊ីម៉ាយ ដោយព្រោះបានជេរប្រមាថ ដល់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេឬអី
22. ប៉ុន្តែ ដាវីឌមានព្រះបន្ទូលថា ឱកូនសេរូយ៉ារាល់គ្នាអើយ តើយើងត្រូវការអ្វីនឹងឯង បានជាឯងមកធ្វើជាអ្នកទាស់ទទឹងនឹងយើងនៅថ្ងៃនេះដូច្នេះ តើត្រូវសំឡាប់មនុស្សក្នុងពួកអ៊ីស្រាអែលនៅថ្ងៃនេះឬអី ដ្បិតតើយើងមិនដឹងទេឬអីថា នៅថ្ងៃនេះ យើងជាស្តេចលើសាសន៍អ៊ីស្រាអែលវិញហើយ
23. រួចស្តេចទ្រង់មានព្រះបន្ទូលស្បថនឹងស៊ីម៉ាយថា ឯងមិនត្រូវស្លាប់ទេ។
24. ចំណែកមភីបូសែត ជាព្រះវង្សសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្តេចទ្រង់ចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត