1. មានគេទៅជំរាបដល់យ៉ូអាប់ថា ស្តេចទ្រង់ព្រះកន្សែងសោកទោមនស្សនឹងអាប់សាឡំម
2. ថ្ងៃនោះឯង ការជ័យជំនះក៏ត្រឡប់ទៅជាសេចក្តីទុក្ខសោក ដល់ពួកជនទាំងឡាយវិញ ពីព្រោះនៅថ្ងៃនោះ គេឮដំណឹងថា ស្តេចទ្រង់សោកទោមនស្សនឹងព្រះរាជបុត្រា
3. ដូច្នេះ នៅថ្ងៃនោះ ប្រជាជនចូលមកក្នុងទីក្រុងដោយលួចលាក់ ដូចជាពួកមនុស្ស ដែលលបចេញពីទីចំបាំងទៅ ដោយខ្មាស
4. ឯស្តេច ទ្រង់បិទព្រះភក្ត្រ ស្រែកឡើងជាខ្លាំងថា ឱអាប់សាឡំម កូនអញអើយ ឱអាប់សាឡំម កូនអញ ជាកូនអញអើយ
5. គ្រានោះ យ៉ូអាប់មកឯស្តេច នៅក្នុងព្រះរាជមន្ទីរទូលថា នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាពួកអ្នកបំរើទ្រង់មានសេចក្តីខ្មាស គឺជាពួកអ្នកដែលបានជួយសង្គ្រោះដល់ព្រះជន្មព្រះករុណា និងព្រះរាជបុត្រា បុត្រី ពួកភរិយា ហើយនឹងពួកអ្នកម្នាង របស់ព្រះករុណានៅថ្ងៃនេះផង
6. ដោយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ទ្រង់ ហើយក៏ស្អប់ដល់ពួកអ្នកដែលស្រឡាញ់ទ្រង់វិញ ដ្បិតនៅថ្ងៃនេះ ព្រះករុណាបានសំដែងថា ទ្រង់មិនរាប់អានដល់ទាំងពួកអ្នកធំតូចផង ហើយនៅថ្ងៃនេះ ទូលបង្គំក៏យល់ឃើញថា បើអាប់សាឡំមនៅរស់នៅឡើយ ហើយយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានជាទីពេញដល់ព្រះហឫទ័យទ្រង់ណាស់
7. ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានព្រះបន្ទូលឲ្យពួកអ្នកបំរើទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា បើសិនជាទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយ នៅជាមួយនឹងទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត
8. ដូច្នេះ ស្តេចទ្រង់ក៏ក្រោកឡើង យាងចេញទៅគង់នៅមាត់ទ្វារក្រុង ហើយមានគេទៅប្រកាសដល់បណ្តាជនទាំងឡាយថា មើលស្តេចទ្រង់កំពុងតែគង់នៅមាត់ទ្វារ នោះពួកបណ្តាជនទាំងឡាយ ក៏មកគាល់នៅចំពោះស្តេច។
9. រីឯពួកអ៊ីស្រាអែល គេបានរត់ទៅឯទីលំនៅរបស់គេរៀងខ្លួន ហើយបណ្តាជនទាំងឡាយក៏កើតវិវាទគ្នា នៅពេញក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ថា ស្តេចទ្រង់បានជួយឲ្យយើងរួចពីកណ្តាប់ដៃរបស់ពួកខ្មាំងសត្រូវយើង ក៏បានជួយសង្គ្រោះឲ្យរួចពីកណ្តាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ពីមុខអាប់សាឡំម ចេញពីនគរទៅ
10. ឯអាប់សាឡំម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះ ហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ។
11. ចំណែកស្តេចដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងអ័បៀថើរដ៏ជាសង្ឃ ដោយព្រះបន្ទូលថា ចូរសួរដល់ពួកចាស់ទុំនៃពួកយូដាថា ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ ដ្បិតសូរសព្ទ ដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯព្រះរាជមន្ទីរហើយ