4. នោះស្តេចទ្រង់មានព្រះបន្ទូលថា យើងនឹងធ្វើតាមដែលឯងរាល់គ្នាគិតឃើញថាត្រូវ ដូច្នេះ ស្តេចទ្រង់ក៏ឈរនៅមាត់ទ្វារទីក្រុង ហើយពួកបណ្តាទ័ពទាំងប៉ុន្មាន គេចេញទៅដោយពួករយ ពួកពាន់
5. ស្តេចទ្រង់ក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ និងអ៊ីតតាយថា ចូរមេត្តាដល់អាប់សាឡំម ជាកូនប្រុសយើងផង ដោយយល់ដល់យើង បណ្តាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំ ពីដំណើរអាប់សាឡំម ដល់ពួកមេទាំងប៉ុន្មានដែរ។
6. ដូច្នេះ ពួកបណ្តាទ័ពក៏ចេញទៅទាស់នឹងពួកអ៊ីស្រាអែល ហើយតយុទ្ធគ្នានៅក្នុងព្រៃអេប្រាអិម
7. បណ្តាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួន២ម៉ឺននាក់
8. ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្តាមនុស្សវិនាសទៅ ច្រើនជាងវិនាស ដោយមុខដាវទៅទៀត។
9. រីឯអាប់សាឡំម ទ្រង់ប្រទះនឹងពួកពលទ័ពខាងដាវីឌ គ្រានោះ ទ្រង់កំពុងគង់លើលាកាត់ សត្វជំនិះក៏ទៅក្រោមមែកដើមម៉ៃសាក់ដែលសាងញ៉ាង នោះព្រះសិរក៏ទាក់ជាប់នៅនឹងមែកឈើ ព្យួរផុតពីដីឡើង ឯលាកាត់ដែលទ្រង់គង់ក៏ដើរបង្ហួសទៅ
10. ខណៈនោះ មានមនុស្សម្នាក់បានឃើញ ក៏ទៅជំរាបដល់យ៉ូអាប់ថា ន៏ ខ្ញុំបានឃើញអាប់សាឡំម ព្យួរនៅលើដើមម៉ៃសាក់មួយ
11. ឯយ៉ូអាប់ក៏បន្ទោសដល់អ្នកដែលប្រាប់ដំណឹងនោះថា បើឯងបានឃើញហើយ ម្តេចក៏មិនបានវាយសំឡាប់នៅទីនោះភ្លាមទៅ នោះអញនឹងបានឲ្យប្រាក់១០ដួង និងខ្សែក្រវាត់១ដល់ឯង
12. តែអ្នកនោះឆ្លើយតបថា បើទុកជាបានប្រាក់១ពាន់មកដៃខ្ញុំ គង់តែខ្ញុំក៏មិនព្រមលូកដៃទៅទាស់នឹងព្រះរាជបុត្រានៃស្តេចដែរ ដ្បិតយើងខ្ញុំបានឮព្រះបន្ទូលដែលទ្រង់បានផ្តាំដល់លោក និងអ័ប៊ីសាយ ហើយអ៊ីតតាយថា ចូរប្រយ័ត្ន កុំឲ្យអ្នកណាពាល់អាប់សាឡំម ជាកូនមានវ័យក្មេងនោះឡើយ
13. បើសិនជាខ្ញុំបានក្បត់ចំពោះព្រះជន្មព្រះរាជបុត្រនោះវិញ គ្មានអ្វីលាក់កំបាំងនឹងស្តេចឡើយ សូម្បីតែលោកក៏នឹងលើក ទាស់នឹងខ្ញុំដែរ
14. យ៉ូអាប់ឆ្លើយថា មិនគួរឲ្យអញនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ រួចលោកចាប់យកដែកពួយ៣ កាន់នៅដៃទៅពួយទំលុះត្រង់បេះដូងអាប់សាឡំម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ
15. ឯមនុស្សកំឡោះ១០នាក់ ដែលកាន់គ្រឿងរបស់យ៉ូអាប់ ក៏ចោមរោមវាយសំឡាប់អាប់សាឡំមទៅ។