16. រួចហើយ យ៉ូអាប់ផ្លុំត្រែឡើង នោះពួកទ័ពក៏វិលត្រឡប់ពីដេញតាមពួកអ៊ីស្រាអែលមកវិញ ដ្បិតលោកប្រណីដល់គេ
17. គេយកសពរបស់អាប់សាឡំម ទៅបោះចោលក្នុងរណ្តៅធំ នៅកណ្តាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ
18. រីឯនៅគ្រាដែលអាប់សាឡំមគង់ព្រះជន្មនៅឡើយ នោះទ្រង់ធ្វើបង្គោលថ្ម១ ទុកនៅច្រកភ្នំនៃហ្លួងសំរាប់ជាទីរំឭក ដោយនឹកថា អញគ្មានកូនប្រុស ដើម្បីនឹងបន្តឈ្មោះអញទេ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡំម» ដរាបដល់សព្វថ្ងៃនេះ។
19. គ្រានោះអ័ហ៊ីម៉ាស កូនសាដុក មានវាចាថា សូមអនុញ្ញាតឲ្យខ្ញុំនាំដំណឹង រត់ទៅទូលស្តេច ពីដំណើរដែលព្រះយេហូវ៉ាបានសងសឹកនឹងខ្មាំងសត្រូវទ្រង់ហើយ
20. តែយ៉ូអាប់ឆ្លើយថា ថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅទេ ចាំដល់ថ្ងៃក្រោយវិញ តែថ្ងៃនេះឯងមិនត្រូវនាំយកដំណឹងទៅឡើយ ពីព្រោះព្រះរាជបុត្រនៃស្តេចសុគតហើយ
21. រួចមកយ៉ូអាប់ប្រាប់ទៅគូស៊ី ថា ចូរឯងទៅទូលស្តេចពីការដែលឯងបានឃើញចុះ គូស៊ីក៏ក្រាបសំពះយ៉ូអាប់ ហើយរត់ទៅ
22. នោះអ័ហ៊ីម៉ាស ជាកូនសាដុក គាត់សូមយ៉ូអាប់ម្តងទៀតថា ទោះបើជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមគូស៊ីផង យ៉ូអាប់តបថា កូនអើយ ឯងចង់រត់ទៅធ្វើអី ដំណឹងយ៉ាងនេះមិនមែនជាគុណដល់ឯងទេ
23. តែគាត់ថា ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ ដូច្នេះ យ៉ូអាប់ក៏បណ្តោយថា ចូររត់ទៅចុះ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។
24. ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំង២ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក
25. អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានព្រះបន្ទូលថា បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ អ្នកនោះមកកាន់តែជិតដល់
26. រួចអ្នកចាំយាមឃើញម្នាក់ទៀតកំពុងតែរត់មក ក៏ស្រែកប្រាប់ទៅអ្នកឆ្មាំទ្វារថា មើលន៏ មានម្នាក់ទៀតរត់មកដែរ ស្តេចទ្រង់មានព្រះបន្ទូលថា នោះក៏នាំដំណឹងមកដែរ
27. អ្នកចាំយាមទូលថា ទូលបង្គំស្មានថា អ្នកដែលរត់មកមុន នោះមានភាពរត់ដូចជាអ័ហ៊ីម៉ាស កូនសាដុក ស្តេចមានព្រះបន្ទូលតបថា អ្នកនោះជាមនុស្សល្អ ក៏នាំដំណឹងល្អមក។
28. គ្រានោះ អ័ហ៊ីម៉ាសស្រែកទូលមកស្តេចថា មានសុខហើយ រួចគាត់ក្រាបផ្កាប់មុខដល់ដី នៅចំពោះស្តេច ទូលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដោយទ្រង់បានប្រគល់ពួកអ្នកដែលលើកដៃទាស់ និងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ មកហើយ
29. ស្តេចទ្រង់មានព្រះបន្ទូលសួរថា តើអាប់សាឡំម ជាកូនប្រុសយើង សុខសប្បាយទេឬ អ័ហ៊ីម៉ាសទូលឆ្លើយថា កាលយ៉ូអាប់បានចាត់ទូលបង្គំ ជាអ្នកបំរើនៃព្រះករុណាមក នោះទូលបង្គំឃើញថា មានជ្រួលជ្រើមជាខ្លាំង តែមិនដឹងជាមានហេតុអ្វីទេ
30. ដូច្នេះ ស្តេចប្រាប់ថា ចូរឯងបែរទៅ ឈរខាងនោះសិន គាត់ក៏បែរទៅ ឈរស្ងៀមនៅទីនោះ។
31. លំដាប់នោះ គូស៊ីក៏មកដល់ទូលថា ទូលបង្គំមានដំណឹងមកថ្វាយព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងពួកក្បត់ ដែលបានលើកដៃ ទាស់នឹងព្រះករុណាហើយ