1. គ្រានោះ ដាវីឌទ្រង់ត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយនឹងទ្រង់ ក៏តាំងឲ្យមានមេលើ១ពាន់នាក់ ហើយមេលើ១រយនាក់
2. រួចទ្រង់ចែកគេជា៣កង ចាត់ឲ្យចេញទៅ ១កងនៅក្រោមអំណាចយ៉ូអាប់ មួយទៀត នៅក្រោមអំណាចអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ កូនសេរូយ៉ា ហើយមួយទៀត នៅក្រោមអំណាចអ៊ីតតាយ ជាពួកកាថស្តេចទ្រង់មានព្រះបន្ទូលទៅគេថា យើងនឹងចេញទៅជាមួយនឹងឯងរាល់គ្នាដែរ
3. តែបណ្តាទ័ពទូលឆ្លើយថា មិនត្រូវឲ្យទ្រង់យាងទៅឡើយ ដ្បិតបើយើងខ្ញុំរាល់គ្នារត់ទៅ នោះគេមិនសូវរវល់នឹងយើងខ្ញុំប៉ុន្មានទេ បើកាលណាពួកយើងខ្ញុំស្លាប់អស់ពាក់កណ្តាល ក៏គេឥតរវល់ដែរ តែឯទ្រង់វិញ នោះមានដំឡៃស្មើនឹងពួកយើងខ្ញុំ១ម៉ឺននាក់ ដូច្នេះ ស៊ូឲ្យទ្រង់ប្រុងប្រៀបនឹងជួយយើងខ្ញុំរាល់គ្នា ពីទីក្រុងនេះវិញជាជាង
4. នោះស្តេចទ្រង់មានព្រះបន្ទូលថា យើងនឹងធ្វើតាមដែលឯងរាល់គ្នាគិតឃើញថាត្រូវ ដូច្នេះ ស្តេចទ្រង់ក៏ឈរនៅមាត់ទ្វារទីក្រុង ហើយពួកបណ្តាទ័ពទាំងប៉ុន្មាន គេចេញទៅដោយពួករយ ពួកពាន់
5. ស្តេចទ្រង់ក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ និងអ៊ីតតាយថា ចូរមេត្តាដល់អាប់សាឡំម ជាកូនប្រុសយើងផង ដោយយល់ដល់យើង បណ្តាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំ ពីដំណើរអាប់សាឡំម ដល់ពួកមេទាំងប៉ុន្មានដែរ។
6. ដូច្នេះ ពួកបណ្តាទ័ពក៏ចេញទៅទាស់នឹងពួកអ៊ីស្រាអែល ហើយតយុទ្ធគ្នានៅក្នុងព្រៃអេប្រាអិម
7. បណ្តាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួន២ម៉ឺននាក់
8. ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្តាមនុស្សវិនាសទៅ ច្រើនជាងវិនាស ដោយមុខដាវទៅទៀត។