4. ពាក្យនោះក៏គាប់ព្រះទ័យដល់អាប់សាឡំម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
5. តែអាប់សាឡំមមានព្រះបន្ទូលថា ចូរហៅហ៊ូសាយ ជាពួកអើគីមក ដើម្បីយើងបានស្តាប់សេចក្តីដែលគាត់ថាជាយ៉ាងណាដែរ
6. កាលហ៊ូសាយបានមកដល់អាប់សាឡំមហើយ នោះទ្រង់មានព្រះបន្ទូលថា អ័ហ៊ីថូផែលបាននិយាយដូច្នេះ តើគួរឲ្យយើងធ្វើតាមឬអី បើមិនគួរទេ សូមឆ្លើយប្រាប់មកចុះ
7. ដូច្នេះ ហ៊ូសាយក៏ទូលឆ្លើយថា សេចក្តីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ
8. ដ្បិតទ្រង់ជ្រាបថា ព្រះបិតា និងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀតព្រះបិតាទ្រង់ជាមនុស្សថ្នឹកចំបាំងផង ទ្រង់មិនផ្ទំនៅជាមួយនឹងពួកពលទេ
9. ពេលថ្មើរនេះ មុខជាទ្រង់ពួននៅក្នុងរណ្តៅណាមួយ ឬនៅកន្លែងណាទៀតមិនខាន ដូច្នេះ កាលណាចាប់តាំងច្បាំងគ្នា ហើយមានពួកយើងខ្លះដួលស្លាប់ នោះអ្នកណាដែលឮ គេនឹងផ្សាយប្រាប់ថា មានពួកខាងអាប់សាឡំមស្លាប់សន្ធឹកហើយ