1. កាលដាវីឌបានយាងហួសពីកំពូលភ្នំបន្តិចទៅ នោះឃើញស៊ីបា ជាអ្នកបំរើរបស់មភីបូសែត មកជួបនឹងទ្រង់ នាំទាំងសត្វលា២ចងកែបជាស្រេច ផ្ទុកដោយនំបុ័ង២០០ដុំ ទំពាំងបាយជូរក្រៀម១០០ចង្កោម ហើយផ្លែរដូវក្តៅ១០០ ព្រមទាំងថង់ស្បែកពេញដោយស្រាទំពាំងបាយជូរផង
2. ស្តេចទ្រង់មានព្រះបន្ទូលសួរស៊ីបាថា ឯងយករបស់ទាំងនេះមកធ្វើអី ស៊ីបាទូលថា សត្វលាសំរាប់ជាជំនិះដល់ពួកព្រះរាជវង្សនៃទ្រង់ ឯនំបុ័ង និងផ្លែរដូវក្តៅសំរាប់ឲ្យពួកកំឡោះៗបរិភោគ ហើយស្រាទំពាំងបាយជូរសំរាប់អ្នកណា ដែលហេវនៅទីរហោស្ថាន
3. ស្តេចទ្រង់សួរថា តើរាជបុត្ររបស់ចៅហ្វាយឯងនៅឯណា ស៊ីបាទូលថា លោកនៅឯក្រុងយេរូសាឡិម ដ្បិតលោកគិតថា នៅថ្ងៃនេះ ពួកវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល គេនឹងប្រគល់រាជ្យរបស់បិតាមកអញវិញ
4. នោះស្តេចមានព្រះបន្ទូលទៅស៊ីបាថា នែ របស់ទ្រព្យទាំងប៉ុន្មាននៃមភីបូសែតជារបស់ផងឯងវិញ ស៊ីបាទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំក្រាបថ្វាយបង្គំដល់ទ្រង់ សូមឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ផង។
5. រួចមក កាលស្តេចដាវីឌទ្រង់បានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់សូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ
6. ក៏យកថ្មចោលដាវីឌ ហើយនឹងពួកមហាតលិកទាំងប៉ុន្មាន ឯពួកបណ្ដាជន និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មាន គេដើរអមទ្រង់ ទាំងខាងស្តាំ និងខាងឆ្វេង
7. ស៊ីម៉ាយវាជេរដូច្នេះថា អាខ្ចាយឈាម អាមនុស្សពាល ចូរទៅៗ
8. ព្រះយេហូវ៉ាបានទំលាក់លោហិតទាំងប៉ុន្មាននៃវង្សរបស់សូលមកលើឯង ដែលឯងបានជែងយករាជ្យរបស់ទ្រង់នោះ ហើយព្រះយេហូវ៉ាបានប្រគល់រាជ្យ ទុកក្នុងអំណាចអាប់សាឡំម ជាកូនឯងវិញ មើល ឥឡូវនេះ ឯងជាប់ក្នុងការអាក្រក់របស់ខ្លួនហើយ ពីព្រោះឯងជាមនុស្សខ្ចាយឈាម។
9. នោះអ័ប៊ីសាយជាកូនសេរូយ៉ាទូលទៅស្តេចថា តើមានហេតុអ្វីឲ្យអាឆ្កែងាប់នេះ បានជេរប្រមាថដល់ទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំយ៉ាងនេះ សូមអនុញ្ញាតឲ្យទូលបង្គំទៅកាត់ក្បាលវាចេញ