២ សាំយូអែល 15:21-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. តែ​អ៊ីត‌តាយ​ទូល​តប​ថា ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ និង​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ដ៏​មាន​ព្រះ‌ជន្មាយុ​ថា នៅ​កន្លែង​ណា​ដែល​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​គង់​នៅ ទោះ​បើ​ស្លាប់​ឬ​រស់​ក្តី នោះ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ និង​នៅ​ទី​នោះ​ដែរ

22. ដូច្នេះ ដាវីឌ​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឆ្លង​ទៅ​ចុះ នោះ​អ៊ីត‌តាយ ជា​អ្នក​ក្រុង​កាថ ព្រម​ទាំង​ពួក​លោក និង​កូន​ចៅ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​នាំ​គ្នា​ឆ្លង​ទៅ

23. ពួក​អ្នក​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ គេ​នាំ​គ្នា​យំ​ដោយ​សំឡេង​ជា​ខ្លាំង ហើយ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឆ្លង​ទៅ ឯ​ស្តេច ទ្រង់​យាង​ឆ្លង​ជ្រោះ​កេដ្រុន​ដែរ គ្រប់​គ្នា​ឆ្លង​ទៅ តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ទី​រហោ‌ស្ថាន។

24. រីឯ​សាដុក លោក​ក៏​មក​ដែរ ព្រម​ទាំង​ពួក​លេវី​ទាំង​អស់ ដែល​សែង​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ​ផង គេ​ក៏​ដាក់​ហឹប​នៃ​ព្រះ​ចុះ ហើយ​អ័បៀ‌ថើរ​លោក​ឡើង​ទៅ ដរាប​ដល់​ពួក​បណ្តា‌ជន បាន​ចាក‌ចេញ​ផុត​ពី​ទី​ក្រុង​ទាំង​អស់​ទៅ

25. រួច​ស្តេច​មាន​ព្រះ‌បន្ទូល​ទៅ​សាដុក​ថា ចូរ​នាំ​យក​ហឹប​នៃ​ព្រះ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទៅ បើ​សិន​ជា​យើង នឹង​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មក​វិញ ឲ្យ​បាន​ឃើញ​ទាំង​ហឹប​នេះ និង​ទី​លំនៅ​របស់​ទ្រង់​ផង

26. តែ​បើ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ដូច្នេះ​ថា អញ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ឯង​ទេ នោះ​មើល យើង​នេះ​ហើយ សូម​ទ្រង់​ប្រព្រឹត្ត​នឹង​យើង តាម​ព្រះ‌ហឫ‌ទ័យ​ចុះ

27. ស្តេច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​សាដុក​ដ៏​ជា​សង្ឃ​ទៀត​ថា លោក​ជា​អ្នក​មើល‌ឆុត ដូច្នេះ ចូរ​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ​ដោយ​សុខ‌សាន្ត​ចុះ នាំ​ទាំង​អ័ហ៊ីម៉ាស កូន​លោក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ទៅ​ជា​មួយ​ផង

28. ឯ​យើងៗ​នឹង​ចាំ​នៅ​ត្រង់​វាល​នៃ​ទី​រហោ‌ស្ថាន ដរាប​ដល់​មាន​ដំណឹង​មក​បញ្ជាក់​ដល់​យើង

29. ដូច្នេះ សាដុក និង​អ័បៀ‌ថើរ ក៏​សែង​ហឹង​នៃ​ព្រះ​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ក៏​នៅ​ទី​នោះ។

30. ឯ​ដាវីឌ ទ្រង់​យាង​ឡើង​ទៅ​តាម​ផ្លូវ​ភ្នំ​ដើម​អូលីវ ទាំង​ទ្រង់​ព្រះ‌កន្សែង​បណ្តើរ ទ្រង់​ទទូរ​ព្រះ‌សិរ ហើយ​យាង​ទៅ​ដោយ​ព្រះ‌បាទ​ទទេ ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ ក៏​ឡើង​ទៅ​ទាំង​ទទូរ​ក្បាល ហើយ​យំ​បណ្តើរ​ដែរ

31. មាន​ម្នាក់​ទូល​ដាវីឌ​ថា អ័ហ៊ី‌ថូ‌ផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​នោះ ជា​មួយ​នឹង​អាប់‌សា‌ឡំម​ដែរ នោះ​ដាវីឌ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្តី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ

32. កាល​ដាវីឌ​បាន​យាង​ដល់​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​ធ្លាប់​ថ្វាយ‌បង្គំ​ព្រះ នោះ​ឃើញ​ហ៊ូសាយ ជា​ពួក​អើគី​ចូល​មក​នៅ​ចំពោះ​ទ្រង់ ទាំង​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល

33. ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា បើ​អ្នក​ទៅ​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ជា​បន្ទុក​ដល់​យើង​ទេ

34. តែ​បើ​សិន​ជា​អ្នក​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ ហើយ​ទូល​ដល់​អាប់‌សា‌ឡំម​ថា បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​សូម​ថ្វាយ​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​ទ្រង់ ដូច​ជា​បាន​ធ្វើ​ជា​ខ្ញុំ​បំរើ​ដល់​ព្រះ‌បិតា​ទ្រង់​កាល​ពី​ដើម​ដែរ បើ​ធ្វើ​ដូច្នេះ នោះ​អ្នក នឹង​អាច​ឈ្នះ​សេចក្តី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល​ឲ្យ​យើង​បាន

35. នៅ​ទី​នោះ អ្នក​ក៏​មាន​សាដុក និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​នៅ​ជា​មួយ​ដែរ យ៉ាង​នោះ ការ​អ្វី​ដែល​អ្នក​ឮ​ពី​ក្នុង​ដំណាក់​ស្តេច​មក នោះ​ចូរ​សា‌សព្ទ​ប្រាប់​ដល់​សាដុក និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ

36. លោក​ទាំង​២​នោះ​មាន​កូន​២​នាក់​នៅ​ជា​មួយ គឺ​អ័ហ៊ីម៉ាស ជា​កូន​សាដុក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ត្រូវ​ឲ្យ​អ្នក​ចាត់​មក ឲ្យ​យើង​ដឹង​ពី​គ្រប់​សេចក្តី ដែល​អ្នក​ឮ

37. ដូច្នេះ ហ៊ូសាយ ជា​សំឡាញ់​របស់​ដាវីឌ ក៏​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ ឯ​អាប់‌សា‌ឡំម​ទ្រង់​ក៏​យាង​ចូល​មក ដល់​ក្រុង​យេរូ‌សាឡិម​ដែរ។

២ សាំយូអែល 15