14. ដូច្នេះ ដាវីឌទ្រង់មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិម ជាមួយនឹងទ្រង់ថា ចូរយើងនាំគ្នារត់ចេញទៅ ពុំនោះ នឹងគ្មានពួកយើងណាមួយ បានរួចពីអាប់សាឡំមឡើយ ចូរប្រញាប់ប្រញាល់ចេញទៅចុះ ក្រែងលោវាមកទាន់ ធ្វើអាក្រក់ដល់យើងរាល់គ្នា ហើយប្រហារពួកក្រុងដោយមុខដាវ
15. ពួកមហាតលិករបស់ស្តេចទូលថា បពិត្រ ព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអម្ចាស់នៃទូលបង្គំហើយ
16. នោះស្តេចទ្រង់ក៏យាងចេញទៅ ព្រមទាំងពួកវង្សានុវង្សទាំងអស់ផង បានទុកនៅតែស្រីអ្នកម្នាង១០នាក់ ឲ្យរក្សាដំណាក់ប៉ុណ្ណោះ
17. ស្តេចទ្រង់យាងចេញទៅមានទាំងពួកទ្រង់ទាំងអស់ ដើរទៅតាម ឯទ្រង់ក៏ឈប់នៅត្រង់ផ្ទះដែលនៅទីបំផុត
18. ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួន៦០០នាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
19. ស្តេចទ្រង់មានព្រះបន្ទូលសួរអ៊ីតតាយ ជាពួកក្រុងកាថថា ហេតុអ្វីបានជាអ្នកមកជាមួយនឹងពួកយើងដូច្នេះ ចូរត្រឡប់ទៅនៅជាមួយនឹងស្តេចចុះ ដ្បិតអ្នកជាសាសន៍ដទៃ បានត្រូវនិរទេសចោលស្រុករបស់ខ្លួនមក ដូច្នេះ ចូរវិលទៅវិញចុះ
20. ដែលអ្នកទើបនឹងមកពីម្សិលមិញ តើថ្ងៃនេះគួរឲ្យយើង នាំអ្នកមកដើរសាត់ព្រាត់ ទៅជាមួយនឹងយើង ដែលយើងក៏មិនដឹងជាទៅឯណាផងឬអី ចូរត្រឡប់ទៅវិញ ហើយនាំបងប្អូនអ្នកទៅផង សូមឲ្យអ្នកបានប្រកបដោយសេចក្តីមេត្តាករុណា និងសេចក្តីពិតត្រង់ចុះ
21. តែអ៊ីតតាយទូលតបថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំដ៏មានព្រះជន្មាយុថា នៅកន្លែងណាដែលទ្រង់ព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំគង់នៅ ទោះបើស្លាប់ឬរស់ក្តី នោះទូលបង្គំ ជាបាវបំរើទ្រង់ និងនៅទីនោះដែរ
22. ដូច្នេះ ដាវីឌមានព្រះបន្ទូលប្រាប់ថា ចូរឆ្លងទៅចុះ នោះអ៊ីតតាយ ជាអ្នកក្រុងកាថ ព្រមទាំងពួកលោក និងកូនចៅទាំងប៉ុន្មានដែលនៅជាមួយ ក៏នាំគ្នាឆ្លងទៅ
23. ពួកអ្នកទាំងប៉ុន្មាននៅស្រុកនោះ គេនាំគ្នាយំដោយសំឡេងជាខ្លាំង ហើយបណ្តាជនទាំងឡាយក៏ឆ្លងទៅ ឯស្តេច ទ្រង់យាងឆ្លងជ្រោះកេដ្រុនដែរ គ្រប់គ្នាឆ្លងទៅ តាមផ្លូវដែលនាំទៅឯទីរហោស្ថាន។
24. រីឯសាដុក លោកក៏មកដែរ ព្រមទាំងពួកលេវីទាំងអស់ ដែលសែងហឹបនៃសេចក្តីសញ្ញារបស់ព្រះផង គេក៏ដាក់ហឹបនៃព្រះចុះ ហើយអ័បៀថើរលោកឡើងទៅ ដរាបដល់ពួកបណ្តាជន បានចាកចេញផុតពីទីក្រុងទាំងអស់ទៅ
25. រួចស្តេចមានព្រះបន្ទូលទៅសាដុកថា ចូរនាំយកហឹបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ បើសិនជាយើង នឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហឹបនេះ និងទីលំនៅរបស់ទ្រង់ផង
26. តែបើទ្រង់មានព្រះបន្ទូលមកដូច្នេះថា អញមិនសព្វព្រះហឫទ័យនឹងឯងទេ នោះមើល យើងនេះហើយ សូមទ្រង់ប្រព្រឹត្តនឹងយើង តាមព្រះហឫទ័យចុះ
27. ស្តេចទ្រង់ក៏មានព្រះបន្ទូលទៅសាដុកដ៏ជាសង្ឃទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក និងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
28. ឯយើងៗនឹងចាំនៅត្រង់វាលនៃទីរហោស្ថាន ដរាបដល់មានដំណឹងមកបញ្ជាក់ដល់យើង
29. ដូច្នេះ សាដុក និងអ័បៀថើរ ក៏សែងហឹងនៃព្រះទៅក្នុងក្រុងយេរូសាឡិមវិញ ហើយក៏នៅទីនោះ។
30. ឯដាវីឌ ទ្រង់យាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ