17. នោះខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បាននឹកថា ព្រះបន្ទូលនៃព្រះករុណាជាព្រះអម្ចាស់នឹងបានស្រួល ពីព្រោះទ្រង់ព្រះករុណាជាព្រះអម្ចាស់ ទ្រង់ដូចជាទេវតានៃព្រះហើយ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏គង់ជាមួយនឹងទ្រង់ដែរ។
18. នោះស្តេចទ្រង់មានព្រះបន្ទូលនឹងស្ត្រីនោះថា កុំឲ្យលាក់អ្វីចំពោះសេចក្តីនេះដែលយើងសួរនាងឡើយ នាងទូលតបថា សូមទ្រង់ព្រះករុណា ជាព្រះអម្ចាស់ មានព្រះបន្ទូលឥឡូវនេះចុះ
19. នោះស្តេចមានព្រះបន្ទូលសួរថា ឯសេចក្តីទាំងនេះ តើមិនមែនយ៉ូអាប់ ដែលរួមគំនិតជាមួយនឹងនាងទេឬអី ស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់ស្បថដោយនូវព្រះជន្មនៃទ្រង់ព្រះករុណាជាព្រះអម្ចាស់ថា គ្មានអ្នកណាអាចនឹងគេចទៅខាងឆ្វេង ឬទៅខាងស្តាំ ចេញពីគ្រប់ទាំងសេចក្តីដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់ បានមានព្រះបន្ទូលនោះឡើយ គឺយ៉ូអាប់ ជាអ្នកបំរើនៃទ្រង់ហើយ ដែលបានបង្គាប់មកខ្ញុំម្ចាស់ ព្រមទាំងបញ្ចេះពាក្យទាំងអស់នេះដល់ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ផង
20. យ៉ូអាប់ជាអ្នកបំរើទ្រង់ បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញា ដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន។
21. រួចពីនោះមក ស្តេចទ្រង់មានព្រះបន្ទូលនឹងយ៉ូអាប់ថា មើល ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះ ចូរទៅនាំអាប់សាឡំម ជាកូនប្រុសយើង មកវិញចុះ
22. នោះយ៉ូអាប់ក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្តីសំណូមរបស់ទូលបង្គំ ជាបាវបំរើទ្រង់
23. ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡំមមកឯក្រុងយេរូសាឡិមវិញ
24. តែស្តេចមានព្រះបន្ទូលប្រាប់ថា ចូរឲ្យវាត្រឡប់ទៅឯលំនៅវាទៅ កុំឲ្យមកឃើញមុខអញឡើយ ដូច្នេះ អាប់សាឡំមក៏វិលទៅឯដំណាក់ទ្រង់វិញ ឥតបានឃើញព្រះភក្ត្រស្តេចទេ។
25. រីឯនៅក្នុងពួកអ៊ីស្រាអែលទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឲ្យស្មើនឹងអាប់សាឡំម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ
26. រីឯព្រះកេសា លុះដល់ចុងឆ្នាំទ្រង់ក៏កាត់ចេញ ពីព្រោះធ្ងន់ណាស់ដល់ទ្រង់ ហេតុនោះបានជារាល់តែឆ្នាំ ទ្រង់តែងកាត់ចេញ ហើយតាមដំឡឹងហ្លួង ឃើញមានទំងន់២០០ដំឡឹង
27. អាប់សាឡំមបង្កើតបានបុត្រា៣អង្គ និងបុត្រី១អង្គ នាមនាងតាម៉ារ នាងនោះជាស្ត្រីមានរូបល្អស្រស់។