២ សាំយូអែល 13:9-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. រួច​លើក​ខ្ទះ​ចាក់​នំ​នោះ​នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​បរិភោគ​ទេ ហើយ​បង្គាប់​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​អញ​ទៅ គេ​ក៏​ចេញ​ទាំង​អស់​គ្នា

10. រួច​អាំណូន​ប្រាប់​ទៅ​នាង​តាម៉ារ​ថា សូម​នាំ​យក​នំ​មក​ក្នុង​បន្ទប់​ឯ​ណេះ ដើម្បី​អញ​នឹង​បរិភោគ​ពី​ដៃ​ឯង នាង​ក៏​នាំ​យក​នំ​ដែល​ធ្វើ​នោះ ទៅ​ឯ​អាំណូន ជា​ជេដ្ឋា នៅ​ក្នុង​បន្ទប់

11. កាល​នាង​ទៅ​ជិត ដើម្បី​ថ្វាយ​នំ​ទៅ​ឲ្យ​សោយ នោះ​ទ្រង់​ក៏​ចាប់​នាង​ដោយ​ពាក្យ​ថា ប្អូន​អើយ ចូរ​មក​ដេក​នឹង​អញ​ចុះ

12. តែ​នាង​ប្រកែក​ថា ទេ បង​អើយ សូម​កុំ​បន្ទាប​ខ្ញុំ​ឡើយ ព្រោះ​ធ្វើ​ដូច្នេះ ខុស​នឹង​បវេណី​ក្នុង​ពួក​អ៊ីស្រា‌អែល​ណាស់ សូម​កុំ​ធ្វើ​ការ​អាក្រក់​នេះ​ឲ្យ​សោះ

13. ឯ​ខ្ញុំ​ម្ចាស់ តើ​នឹង​យក​សេចក្តី​ខ្មាស​ទៅ​ទុក​ឯ​ណា ហើយ​ចំណែក​ឯ​បង នោះ​គេ​នឹង​រាប់​បង ទុក​ជា​មនុស្ស​ងងឹត​ល្ងើ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ដែរ ដូច្នេះ សូម​ទូល​ដល់​ស្តេច​ចុះ ដ្បិត​ទ្រង់​មិន​ប្រកែក និង​ឲ្យ​ខ្ញុំ​ម្ចាស់​ដល់​បង​ទេ

14. ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ ដោយ​ទ្រង់​មាន​កំឡាំង​ច្រើន​ជាង។

15. រួច​មក​អាំណូន​មាន​ព្រះ‌ទ័យ​ណាយ ស្អប់​ដល់​នាង​ជា​ខ្លាំង​ក្រៃលែង ដល់​ម៉្លេះ​បាន​ជា​សេចក្តី​ស្អប់​ខ្ពើម ដែល​ទ្រង់​មាន​ដល់​នាង នោះ​ខ្លាំង​លើស​ជាង​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​បាន​មាន​ដល់​នាង​ទៅ​ទៀត ហើយ​ទ្រង់​បណ្តេញ​នាង​ថា ចូរ​ក្រោក​ឡើង​ទៅ​ឲ្យ​បាត់​ទៅ

16. នោះ​នាង​ឆ្លើយ​ថា កុំ​ឡើយ ដ្បិត​ការ​កំហុស​ដែល​បណ្តេញ​ខ្ញុំ​ម្ចាស់​នេះ​នោះ​អាក្រក់​ជាង​ការ ដែល​បាន​ធ្វើ​ហើយ ដល់​ខ្ញុំ​ម្ចាស់​ទៅ​ទៀត តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​នាង​ឡើយ

17. ក៏​ហៅ​អ្នក​ដែល​តែង​បំរើ​ទ្រង់​មក​ប្រាប់​ថា ចូរ​យក​ស្រី​នេះ​ចេញ​ទៅ រួច​បិទ​ទ្វារ​ដាក់​រនុក​ផង

18. ដូច្នេះ អ្នក​បំរើ​ក៏​នាំ​នាង​ទៅ​ក្រៅ រួច​បិទ​ទ្វារ ឯ​នាង​តាម៉ារ ទ្រង់​ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ

19. រួច​នាង​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង។

20. អាប់‌សា‌ឡំម​ជា​ជេដ្ឋា​ក៏​សួរ​ថា តើ​អាំណូន​បង​ឯង​បាន​នៅ​ជា​មួយ​នឹង​ឯង​ឬ​អី ប្អូន​អើយ ចូរ​នៅ​ស្ងៀម​សិន​ចុះ ដ្បិត​ជា​បង​ឯង​ទេ កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​នឹង​ការ​នេះ​ពេក​ឡើយ នោះ​នាង​ក៏​នៅ​តែ​ឯង​ក្នុង​ដំណាក់​អាប់‌សា‌ឡំម ជា​ជេដ្ឋា

21. កាល​ស្តេច​ដាវីឌ​បាន​ឮ​និយាយ​ពី​រឿង​ទាំង​នោះ ទ្រង់​មាន​សេចក្តី​ពិរោធ​ជា​ខ្លាំង

22. តែ​អាប់‌សា‌ឡំម​មិន​បាន​មាន​ព្រះ‌បន្ទូល​អ្វី​នឹង​អាំណូន ទោះ​ល្អ​ឬ​អាក្រក់​ក្តី ដ្បិត​ទ្រង់​ស្អប់​អាំណូន ដោយ​ព្រោះ​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​ទ្រង់។

២ សាំយូអែល 13