28. រីឯអាប់សាឡំមបានបង្គាប់ដល់ពួកអ្នកបំរើទ្រង់ថា ចូរឯងឃ្លាំមើលកាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយអញប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសំឡាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺអញហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ
29. ពួកអ្នកបំរើរបស់អាប់សាឡំម ក៏ធ្វើដល់អាំណូនតាមបង្គាប់របស់ចៅហ្វាយខ្លួន រួចពួកបុត្រាស្តេចគ្រប់អង្គក៏ក្រោកឡើង ជិះលាកាត់រៀងអង្គរត់ទៅ។
30. កាលបុត្រាស្តេចទាំងនោះ កំពុងតែយាងមកតាមផ្លូវ នោះដំណឹងក៏ឮទៅដល់ដាវីឌថា អាប់សាឡំមបានសំឡាប់បុត្រទ្រង់ព្រះករុណាទាំងអស់ហើយ គ្មានសល់១ឡើយ
31. នោះស្តេចទ្រង់ក៏ក្រោកឡើងហែកព្រះពស្ត្រ រួចផ្ទំនៅដី ឯពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ក៏ឈរនៅជិតទាំងមានអាវរហែកដែរ
32. តែយ៉ូណាដាប ជាបុត្រាសាំម៉ាជេដ្ឋាដាវីឌ ទូលឡើងថា បពិត្រព្រះករុណា សូមទ្រង់កុំមានព្រះទ័យស្មានថា គេបានធ្វើគុតពួកព្រះរាជបុត្រទាំងអស់នៃព្រះករុណាឡើយ សុគតតែអាំណូនប៉ុណ្ណោះទេ ដ្បិតការនោះបានគិតជាស្រេច តាមបង្គាប់នៃអាប់សាឡំម តាំងពីថ្ងៃដែលអាំណូនបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាមក
33. ដូច្នេះ សូមកុំឲ្យទ្រង់ព្រះករុណា ជាម្ចាស់នៃទូលបង្គំមានព្រះទ័យព្រួយពេក ដោយស្មានថា ពួកព្រះរាជបុត្រាបានសុគតទាំងអស់នោះឡើយ ដ្បិតសុគតតែអាំណូនប៉ុណ្ណោះទេ ឯអាប់សាឡំមទ្រង់រត់បាត់ទៅ។
34. រីឯទាហានដែលចាំយាម គេបានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំខាងក្រោយខ្លួន