1. ក្រោយនោះមក កើតមានរឿងដូច្នេះ គឺអាប់សាឡំមបុត្រាដាវីឌមានកនិដ្ឋា ១មានរូបស្រស់បស់ល្អ នាមនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះទ័យប្រតិព័ទ្ធស្រឡាញ់
2. អាំណូនមានសេចក្តីរំជួលស្រឡាញ់នាងតាម៉ារជាកនិដ្ឋា ដល់ម៉្លេះបានជាទ្រង់ទៅជាប្រឈួន ទ្រង់នឹកឃើញថា ពិបាកនឹងធ្វើអ្វីដល់នាងណាស់ ដោយព្រោះនាងនៅបរិសុទ្ធ
3. តែអាំណូនមានពួកម៉ាកម្នាក់ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ដាវីឌ ជាមនុស្សឆ្លៀវឆ្លាតណាស់
4. អ្នកនោះសួរថា ហេតុអ្វីបានជាឯង ដែលជាកូនស្តេច នៅតែស្គាំងស្គមរាល់តែថ្ងៃដូច្នេះ សូមប្រាប់ឲ្យអញដឹងផង នោះអាំណូនប្រាប់ថា អញមានចិត្តស្រឡាញ់ដល់នាងតាម៉ារ ជាប្អូនអាប់សាឡំម បងអញណាស់
5. រួចយ៉ូណាដាបប្រាប់ថា ដូច្នេះ ចូរឯងដេកនៅលើគ្រែក្លែងធ្វើជាឈឺទៅ បើកាលណាបិតាឯងមកសួរ នោះចូរទូលថា សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មករៀបអាហារនៅមុខទូលបង្គំ ឲ្យទូលបង្គំបានឃើញ ហើយបានទទួល ពីដៃនាងមកបរិភោគបន្តិច
6. ដូច្នេះ អាំណូនក៏ដេកទៅ ហើយក្លែងធ្វើជាប្រឈួន លុះកាលស្តេចបានយាងមកសួរ នោះអាំណូនទូលថា សូមបិតាអនុញ្ញាត ឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំ២នៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានទទួលពីដៃនាង មកបរិភោគ។