1. ក្រោយនោះមក កើតមានរឿងដូច្នេះ គឺអាប់សាឡំមបុត្រាដាវីឌមានកនិដ្ឋា ១មានរូបស្រស់បស់ល្អ នាមនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះទ័យប្រតិព័ទ្ធស្រឡាញ់
2. អាំណូនមានសេចក្តីរំជួលស្រឡាញ់នាងតាម៉ារជាកនិដ្ឋា ដល់ម៉្លេះបានជាទ្រង់ទៅជាប្រឈួន ទ្រង់នឹកឃើញថា ពិបាកនឹងធ្វើអ្វីដល់នាងណាស់ ដោយព្រោះនាងនៅបរិសុទ្ធ
3. តែអាំណូនមានពួកម៉ាកម្នាក់ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ដាវីឌ ជាមនុស្សឆ្លៀវឆ្លាតណាស់
4. អ្នកនោះសួរថា ហេតុអ្វីបានជាឯង ដែលជាកូនស្តេច នៅតែស្គាំងស្គមរាល់តែថ្ងៃដូច្នេះ សូមប្រាប់ឲ្យអញដឹងផង នោះអាំណូនប្រាប់ថា អញមានចិត្តស្រឡាញ់ដល់នាងតាម៉ារ ជាប្អូនអាប់សាឡំម បងអញណាស់
5. រួចយ៉ូណាដាបប្រាប់ថា ដូច្នេះ ចូរឯងដេកនៅលើគ្រែក្លែងធ្វើជាឈឺទៅ បើកាលណាបិតាឯងមកសួរ នោះចូរទូលថា សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មករៀបអាហារនៅមុខទូលបង្គំ ឲ្យទូលបង្គំបានឃើញ ហើយបានទទួល ពីដៃនាងមកបរិភោគបន្តិច
6. ដូច្នេះ អាំណូនក៏ដេកទៅ ហើយក្លែងធ្វើជាប្រឈួន លុះកាលស្តេចបានយាងមកសួរ នោះអាំណូនទូលថា សូមបិតាអនុញ្ញាត ឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំ២នៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានទទួលពីដៃនាង មកបរិភោគ។
7. នោះដាវីឌក៏ចាត់គេឲ្យទៅឯដំណាក់ ប្រាប់នាងតាម៉ារថា ចូរឯងទៅឯដំណាក់អាំណូនជេដ្ឋាឯង ហើយធ្វើនំឲ្យវាចុះ
8. ដូច្នេះ នាងតាម៉ារក៏ទៅដល់ដំណាក់អាំណូនជាជេដ្ឋាខ្លួន កំពុងដែលទ្រង់ផ្ទំ នាងក៏យកម្សៅ មកច្របាច់ធ្វើនំ ហើយដុតនៅចំពោះទ្រង់
9. រួចលើកខ្ទះចាក់នំនោះនៅចំពោះទ្រង់ តែទ្រង់មិនព្រមបរិភោគទេ ហើយបង្គាប់ថា ចូរឲ្យមនុស្សទាំងអស់ចេញពីអញទៅ គេក៏ចេញទាំងអស់គ្នា
10. រួចអាំណូនប្រាប់ទៅនាងតាម៉ារថា សូមនាំយកនំមកក្នុងបន្ទប់ឯណេះ ដើម្បីអញនឹងបរិភោគពីដៃឯង នាងក៏នាំយកនំដែលធ្វើនោះ ទៅឯអាំណូន ជាជេដ្ឋា នៅក្នុងបន្ទប់
11. កាលនាងទៅជិត ដើម្បីថ្វាយនំទៅឲ្យសោយ នោះទ្រង់ក៏ចាប់នាងដោយពាក្យថា ប្អូនអើយ ចូរមកដេកនឹងអញចុះ
12. តែនាងប្រកែកថា ទេ បងអើយ សូមកុំបន្ទាបខ្ញុំឡើយ ព្រោះធ្វើដូច្នេះ ខុសនឹងបវេណីក្នុងពួកអ៊ីស្រាអែលណាស់ សូមកុំធ្វើការអាក្រក់នេះឲ្យសោះ