8. ហើយបានប្រគល់ដំណាក់ និងប្រពន្ធទាំងប៉ុន្មានរបស់ចៅហ្វាយឯង មកឲ្យឯងឱបនៅនាទ្រូង ព្រមទាំងឲ្យពូជពង្សអ៊ីស្រាអែល និងយូដា មកក្នុងអំណាចឯងដែរ បើនៅមិនល្មមគ្រាន់ នោះអញនឹងបន្ថែមយ៉ាងនេះមួយៗឲ្យថែមទៀត
9. ហេតុអ្វីបានជាឯងមើលងាយ ឆ្ពោះព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្រទ្រង់ដូច្នេះ ឯងបានសំឡាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសំឡាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន
10. ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់អញ ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចាំមើល អញនឹងបណ្តាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេក និងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ
12. ដ្បិតឯងបានធ្វើការនោះដោយសំងាត់ តែអញនឹងធ្វើការនេះនៅទីពន្លឺវិញ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ
13. រួចដាវីឌមានព្រះបន្ទូលទៅណាថាន់ថា យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ណាថាន់ក៏ទូលតបថា ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ
14. ប៉ុន្តែ ដោយប្រព្រឹត្តអំពើយ៉ាងនោះ ទ្រង់បានឲ្យពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា មានឱកាស និងត្មះតិះដៀលជាខ្លាំង បានជាបុត្រដែលត្រូវប្រសូតមកនោះ និងសុគតទៅជាពិតប្រាកដ រួចណាថាន់ក៏វិលទៅផ្ទះលោកវិញទៅ។
15. ព្រះយេហូវ៉ាទ្រង់ក៏ប្រហារបុត្រ ដែលប្រពន្ធអ៊ូរីបានបង្កើតឲ្យដាវីឌ ឲ្យមានជំងឺឈឺជាខ្លាំង
16. ដូច្នេះ ដាវីឌក៏សូមអង្វរដល់ព្រះ ពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញ១យប់នោះ
17. ពួកចាស់ទុំនៅដំណាក់ទ្រង់ក៏ក្រោកឡើងទៅឯទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយនឹងគេដែរ
18. លុះដល់ថ្ងៃទី៧ បុត្រនោះក៏សុគតទៅ ហើយពួកអ្នកបំរើរបស់ដាវីឌ គេខ្លាចមិនហ៊ានទូលទ្រង់ឲ្យជ្រាបថា បុត្រនោះសុគតទេ ដោយគិតគ្នាថា មើលកាលបុត្រមានព្រះជន្មរស់នៅឡើយ នោះយើងបានទូលអង្វរដល់ទ្រង់ តែទ្រង់មិនព្រមស្តាប់តាមយើងទៅហើយ ចំណង់បើយើងទូលទ្រង់ឲ្យជ្រាបពីបុត្រសុគតទៅ នោះតើនឹងធ្វើទុក្ខដល់អង្គទ្រង់យ៉ាងណាទៅទៀត
19. ប៉ុន្តែ កាលដាវីឌឃើញថា ពួកអ្នកបំរើកំពុងតែខ្សឹបគ្នាដូច្នោះ នោះទ្រង់យល់ឃើញថា ប្រាកដជាបុត្របានសុគតហើយ ក៏សួរពួកអ្នកបំរើថា បុត្របានសុគតហើយឬអី គេទូលឆ្លើយថា សុគតហើយ
20. នោះដាវីឌក៏តើនពីដីឡើង ទៅស្រង់ទឹក ព្រមទាំងប្រោះទឹកអប់ ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ក្រោយមកកាលទ្រង់បានត្រឡប់ចូលមក ក្នុងដំណាក់វិញ នោះទ្រង់បង្គាប់ដល់ពួកអ្នកបំរើ ហើយគេក៏លើកព្រះស្ងោយមកថ្វាយទ្រង់សោយ