22. ដាវីឌមានព្រះបន្ទូលតបថា កាលបុត្រមានព្រះជន្មនៅឡើយ យើងបានតមហើយយំ ដោយគិតថា ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសមេត្តាដល់យើង ឲ្យបុត្រមានព្រះជន្មតទៅទេដឹង
23. តែឥឡូវនេះបុត្រសុគតទៅហើយដូច្នេះ តើយើងនៅតមអត់ធ្វើអ្វីទៀត តើយើងអាចនឹងនាំបុត្រឲ្យត្រឡប់មកវិញបានដែរឬ យើងនឹងទៅឯវា តែវាមិនដែលត្រឡប់មកឯយើងវិញឡើយ។
24. ដាវីឌក៏ជួយកំសាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនឹងនាង ហើយនាងប្រសូតបានបុត្រា១ ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យស្រឡាញ់បុត្រនោះ
25. ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
26. ឯយ៉ូអាប់លោកកំពុងតែច្បាំងនឹងក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ក៏វាយចាប់យកក្រុងហ្លួងបាន
27. រួចលោកចាត់គេឲ្យទៅទូលដាវីឌថា ទូលបង្គំបានចូលទៅវាយក្រុងរ៉ាបាត ហើយចាប់យកបានប៉ែកដែលនៅខាងមាត់ទឹកហើយ
28. ដូច្នេះ សូមទ្រង់ប្រមូលពួកពលទ័ពដែលនៅសល់ មកបោះទ័ព ចាប់យកទីក្រុងនោះចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេតាំងឈ្មោះក្រុងនោះតាមឈ្មោះទូលបង្គំវិញ
29. នោះដាវីឌក៏ប្រមូលពួកពលទ័ពទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន
30. ទ្រង់ក៏យកមកុដពីព្រះសិររបស់ស្តេចគេ មកបំពាក់លើព្រះសិរនៃទ្រង់វិញ ឯមកុដនោះ មានទំងន់ជា១ហាបមាស ក៏ដាំដោយត្បូងមានដំឡៃផ្សេងៗ រួចទ្រង់នាំយករបឹបយ៉ាងសន្ធឹកពីទីក្រុងនោះមក
31. ក៏នាំមនុស្សទាំងអស់ដែលនៅក្រុងនោះចេញមក ប្រើគេឲ្យធ្វើការកាប់រំលំ ហើយអារឈើ ព្រមទាំងភ្ជួររាស់ ហើយធ្វើការក្នុងឡអិដ្ឋ ទ្រង់ក៏ធ្វើដូច្នោះដល់អស់ទាំងក្រុងរបស់ពួកកូនចៅអាំម៉ូន រួចទ្រង់នាំបណ្តាទ័ពទាំងប៉ុន្មានត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។