២ សាំយូអែល 12:13-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. រួច​ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​ណាថាន់​ថា យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ណាថាន់​ក៏​ទូល​តប​ថា ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រោស​លើក​ទោស​ទ្រង់​ចោល​ដែរ ទ្រង់​មិន​ត្រូវ​សុគត​ទេ

14. ប៉ុន្តែ ដោយ​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ទ្រង់​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌យេហូវ៉ា មាន​ឱកាស និង​ត្មះ‌តិះដៀល​ជា​ខ្លាំង បាន​ជា​បុត្រ​ដែល​ត្រូវ​ប្រសូត​មក​នោះ និង​សុគត​ទៅ​ជា​ពិត​ប្រាកដ រួច​ណាថាន់​ក៏​វិល​ទៅ​ផ្ទះ​លោក​វិញ​ទៅ។

15. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រហារ​បុត្រ ដែល​ប្រពន្ធ​អ៊ូរី​បាន​បង្កើត​ឲ្យ​ដាវីឌ ឲ្យ​មាន​ជំងឺ​ឈឺ​ជា​ខ្លាំង

16. ដូច្នេះ ដាវីឌ​ក៏​សូម​អង្វរ​ដល់​ព្រះ ពី​ដំណើរ​បុត្រ ទ្រង់​ក៏​តម​ព្រះ‌ស្ងោយ ព្រម​ទាំង​ចូល​ទៅ​ផ្ទំ​នៅ​ដី​ពេញ​១​យប់​នោះ

17. ពួក​ចាស់‌ទុំ​នៅ​ដំណាក់​ទ្រង់​ក៏​ក្រោក​ឡើង​ទៅ​ឯ​ទ្រង់ ចង់​លើក​ឲ្យ​តើន​ពី​ដី​ឡើង តែ​ទ្រង់​មិន​ព្រម​ទេ ក៏​មិន​ព្រម​សោយ​ជា​មួយ​នឹង​គេ​ដែរ

18. លុះ​ដល់​ថ្ងៃ​ទី​៧ បុត្រ​នោះ​ក៏​សុគត​ទៅ ហើយ​ពួក​អ្នក​បំរើ​របស់​ដាវីឌ គេ​ខ្លាច​មិន​ហ៊ាន​ទូល​ទ្រង់​ឲ្យ​ជ្រាប​ថា បុត្រ​នោះ​សុគត​ទេ ដោយ​គិត​គ្នា​ថា មើល​កាល​បុត្រ​មាន​ព្រះ‌ជន្ម​រស់​នៅ​ឡើយ នោះ​យើង​បាន​ទូល​អង្វរ​ដល់​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​យើង​ទៅ​ហើយ ចំណង់​បើ​យើង​ទូល​ទ្រង់​ឲ្យ​ជ្រាប​ពី​បុត្រ​សុគត​ទៅ នោះ​តើ​នឹង​ធ្វើ​ទុក្ខ​ដល់​អង្គ​ទ្រង់​យ៉ាង​ណា​ទៅ​ទៀត

19. ប៉ុន្តែ កាល​ដាវីឌ​ឃើញ​ថា ពួក​អ្នក​បំរើ​កំពុង​តែ​ខ្សឹប​គ្នា​ដូច្នោះ នោះ​ទ្រង់​យល់​ឃើញ​ថា ប្រាកដ​ជា​បុត្រ​បាន​សុគត​ហើយ ក៏​សួរ​ពួក​អ្នក​បំរើ​ថា បុត្រ​បាន​សុគត​ហើយ​ឬ​អី គេ​ទូល​ឆ្លើយ​ថា សុគត​ហើយ

20. នោះ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ក្រោយ​មក​កាល​ទ្រង់​បាន​ត្រឡប់​ចូល​មក ក្នុង​ដំណាក់​វិញ នោះ​ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បំរើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ

២ សាំយូអែល 12