14. ដល់ព្រឹកឡើង ដាវីឌទ្រង់ធ្វើសំបុត្រផ្ញើទៅយ៉ូអាប់ដោយសារអ៊ូរី
15. ក្នុងសំបុត្រនោះមានសេចក្តីបង្គាប់ថា ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលវាទៅឲ្យគេបានវាយសំឡាប់ចេញ។
16. ដូច្នេះ យ៉ូអាប់ក៏សង្កេតមើលទីក្រុង រួចចាត់អ៊ូរីឲ្យទៅឯកន្លែង១ ដែលលោកដឹងថា មានមនុស្សក្លាហាននៅ
17. ពួកទ័ពក្នុងក្រុងនោះក៏ចេញមកច្បាំងនឹងយ៉ូអាប់ ហើយមានពួកពលទ័ពរបស់ដាវីឌខ្លះបានដួលស្លាប់ ឯអ៊ូរីជាសាសន៍ហេតគាត់ក៏ស្លាប់ដែរ
18. នោះយ៉ូអាប់ចាត់ម្នាក់ ឲ្យនាំដំណឹងទៅទូលដល់ដាវីឌ ពីរឿងចំបាំង
19. លោកបង្គាប់អ្នកនោះថា កាលណាឯងបានរាប់រៀបទូលពីរឿងច្បាំងដល់ស្តេចរួចហើយ
20. នោះបើសិនជាស្តេចទ្រង់ក្រោធ ហើយបន្ទោសថា ហេតុអ្វីបានជាចូលទៅច្បាំង ជិតទីក្រុងអីម៉្លេះ តើឯងមិនដឹងជាគេនឹងបាញ់ ពីលើកំផែងមកទេឬអី
21. តើអ្នកណាបានសំឡាប់អ័ប៊ីម៉ាលេក ជាកូនយេរូ-បាល តើមិនមែនជាស្រីដែលទំលាក់ត្បាល់កិនពីលើកំផែងមកលើវា ឲ្យស្លាប់នៅត្រង់ថេបេសទេឬអី ហេតុអ្វីបានជាចូលទៅជិតកំផែងយ៉ាងដូច្នេះ នោះត្រូវឲ្យឯងទូលឆ្លើយយ៉ាងនេះថា អ៊ូរី សាសន៍ហេត ជាបាវបំរើនៃទ្រង់ បានស្លាប់ដែរ។
22. អ្នកនាំដំណឹងក៏ទៅទូលដល់ដាវីឌ តាមសេចក្តីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ
23. គាត់ទូលថា ពួកពលគេមានកំឡាំងជាងពួកទូលបង្គំ គេចេញមកដល់ទូលបង្គំទាំងឡាយនៅឯវាល ហើយពួកទូលបង្គំក៏ដេញគេទៅវិញ រហូតដល់ទ្វារក្រុង