11. នោះអ៊ូរីទូលឆ្លើយថា ហឹបនៃព្រះ និងពួកអ៊ីស្រាអែល ហើយពួកយូដាសុទ្ធតែនៅក្នុងបង្ហារ ព្រមទាំងយ៉ូអាប់ជាចៅហ្វាយទូលបង្គំ និងពួកពលផងទ្រង់ ជាម្ចាស់នៃទូលបង្គំ ក៏សុទ្ធតែដេកនៅវាលដែរ ដូច្នេះ តើឲ្យទូលបង្គំចូលទៅឯផ្ទះ និងទទួលទាន ហើយដេកនៅជាមួយនឹងប្រពន្ធទូលបង្គំដូចម្តេចកើត ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ និងព្រលឹងទ្រង់ដ៏មានជីវិតរស់នៅថា ទូលបង្គំមិនព្រមធ្វើដូច្នោះឡើយ
12. នោះដាវីឌមានព្រះបន្ទូលថា បើដូច្នេះ ចូរឯងទៅឯណេះក្នុងថ្ងៃនេះទៀតចុះ ស្អែកឡើងយើងនឹងឲ្យឯងទៅវិញ នោះអ៊ូរីក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះ ហើយថ្ងៃស្អែកទៀត
13. កាលដាវីឌទ្រង់ហៅគាត់មក នោះគាត់ក៏បរិភោគនៅចំពោះទ្រង់ ហើយទ្រង់បំផឹកឲ្យគាត់ស្រវឹង តែដល់ល្ងាចគាត់ចេញទៅដេកនៅគ្រែ ជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត ឥតមានចុះទៅឯផ្ទះឡើយ។
14. ដល់ព្រឹកឡើង ដាវីឌទ្រង់ធ្វើសំបុត្រផ្ញើទៅយ៉ូអាប់ដោយសារអ៊ូរី
15. ក្នុងសំបុត្រនោះមានសេចក្តីបង្គាប់ថា ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលវាទៅឲ្យគេបានវាយសំឡាប់ចេញ។
16. ដូច្នេះ យ៉ូអាប់ក៏សង្កេតមើលទីក្រុង រួចចាត់អ៊ូរីឲ្យទៅឯកន្លែង១ ដែលលោកដឹងថា មានមនុស្សក្លាហាននៅ
17. ពួកទ័ពក្នុងក្រុងនោះក៏ចេញមកច្បាំងនឹងយ៉ូអាប់ ហើយមានពួកពលទ័ពរបស់ដាវីឌខ្លះបានដួលស្លាប់ ឯអ៊ូរីជាសាសន៍ហេតគាត់ក៏ស្លាប់ដែរ