1. ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះដាវីឌទ្រង់ចាត់យ៉ូអាប់ ព្រមទាំងពលទ័ពរបស់លោក និងពួកអ៊ីស្រាអែលទាំងអស់គ្នាឲ្យទៅ គេក៏បំផ្លាញពួកកូនចៅអាំម៉ូន ហើយឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែឯដាវីឌទ្រង់គង់នៅក្នុងក្រុងយេរូសាឡិមវិញ។
2. មានកាល១ថ្ងៃ ពេលជិតងងឹតហើយ នោះដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងតែងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់
3. ដាវីឌក៏ចាត់គេឲ្យទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា នាងឈ្មោះបាតសេបាជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត
4. នោះដាវីឌចាត់គេឲ្យទៅនាំនាងយកមក រួចនាងក៏ចូលមកឯទ្រង់ ហើយទ្រង់ផ្ទំជាមួយនឹងនាងទៅ ដ្បិតនាងទើបនឹងបានស្អាតពីរដូវនាងហើយ រួចនាងត្រឡប់ទៅឯផ្ទះវិញ
5. នាងក៏មានគភ៌ ហើយចាត់គេឲ្យទៅទូលដាវីឌ ខ្ញុំម្ចាស់មានគភ៌ហើយ។
6. នោះដាវីឌចាត់គេឲ្យទៅឯយ៉ូអាប់ប្រាប់ថា ចូរចាត់អ៊ូរីជាសាសន៍ហេត ឲ្យមកឯយើង ដូច្នេះ យ៉ូអាប់ក៏ឲ្យអ៊ូរីទៅឯដាវីឌ
7. កាលគាត់បានទៅដល់ហើយ នោះដាវីឌសាកសួរដំណឹងពីយ៉ូអាប់ ហើយពីបណ្តាទ័ព និងពីការសង្គ្រាមបានជាយ៉ាងណា
8. រួចដាវីឌមានព្រះបន្ទូលទៅអ៊ូរីថា ចូរចុះទៅផ្ទះ ហើយលាងជើងឯងទៅ លុះគាត់ចេញពីដំណាក់ស្តេចហើយ នោះក៏មានគេនាំយកម្ហូបម្ហាពីស្តេចទៅជូនគាត់
9. ប៉ុន្តែ អ៊ូរីគាត់ទៅដេកជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួន នៅត្រង់មុខមាត់ទ្វារដំណាក់វិញ ឥតបានចុះទៅឯផ្ទះខ្លួនទេ
10. កាលគេទូលដាវីឌថា អ៊ូរីមិនបានចុះទៅឯគាត់ផ្ទះទេ នោះទ្រង់សួរអ៊ូរីថា តើឯងមិនបានមកពីឆ្ងាយទេឬអី ដូច្នេះ ម្តេចក៏មិនចុះទៅឯផ្ទះ
11. នោះអ៊ូរីទូលឆ្លើយថា ហឹបនៃព្រះ និងពួកអ៊ីស្រាអែល ហើយពួកយូដាសុទ្ធតែនៅក្នុងបង្ហារ ព្រមទាំងយ៉ូអាប់ជាចៅហ្វាយទូលបង្គំ និងពួកពលផងទ្រង់ ជាម្ចាស់នៃទូលបង្គំ ក៏សុទ្ធតែដេកនៅវាលដែរ ដូច្នេះ តើឲ្យទូលបង្គំចូលទៅឯផ្ទះ និងទទួលទាន ហើយដេកនៅជាមួយនឹងប្រពន្ធទូលបង្គំដូចម្តេចកើត ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ និងព្រលឹងទ្រង់ដ៏មានជីវិតរស់នៅថា ទូលបង្គំមិនព្រមធ្វើដូច្នោះឡើយ