8. ឯពួកកូនចៅអាំម៉ូន គេក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា និងក្រុងរេហុប ហើយពួកថូប និងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។
9. រីឯយ៉ូអាប់ កាលឃើញថា គេចោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នោះ នោះលោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ទៅឲ្យដំរៀបគ្នា តនឹងពួកស៊ីរី
10. ឯបណ្តាទ័ពដែលសល់នៅ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយប្អូនក៏ដំរៀបពលតនឹងពួកកូនចៅអាំម៉ូន
11. លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកំឡាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកំឡាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ
12. ចូរឲ្យយើងរាល់គ្នាមានចិត្តក្លាហានឡើង ហើយមានកំឡាំងចុះ ដោយព្រោះសាសន៍យើង និងទីក្រុងរបស់ព្រះនៃយើងផង សូមឲ្យព្រះយេហូវ៉ាសំរេចសេចក្តី តាមព្រះហឫទ័យទ្រង់ចុះ
13. ដូច្នេះ យ៉ូអាប់ និងពួកពល ដែលនៅជាមួយក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
14. កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។
15. កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏មូលគ្នា
16. ហើយហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាក ជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ
17. កាលដាវីឌទ្រង់ជ្រាប នោះក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីគេក៏ត្រៀមពលតនឹងដាវីឌ
18. តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយដាវីឌបានសំឡាប់ពួកគេ ដែលនៅរទេះចំបាំងអស់៧០០រទេះ និងពួកពលសេះ៤ម៉ឺននាក់ ក៏ប្រហារសូបាក ជាមេទ័ពគេ ឲ្យស្លាប់នៅទីនោះដែរ
19. កាលពួកស្តេចទាំងប៉ុន្មាន ដែលនៅក្រោមអំណាចហាដារេស៊ើរឃើញថា ខ្លួនចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចងជាស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះគេវិញ ដូច្នេះ ពួកស៊ីរីមិនហ៊ានជួយពួកកូនចៅអាំម៉ូនទៀតឡើយ។