២ សាំយូអែល 10:10-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឯ​បណ្តា​ទ័ព​ដែល​សល់​នៅ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន ហើយ​ប្អូន​ក៏​ដំរៀប​ពល​ត​នឹង​ពួក​កូន​ចៅ​អាំម៉ូន

11. លោក​ប្រាប់​ថា បើ​សិន​ជា​ពួក​ស៊ីរី​មាន​កំឡាំង​ហួស​ពេក អញ​ឈ្នះ​គេ​មិន​បាន នោះ​ចូរ​ឯង​មក​ជួយ​អញ​ផង បើ​ពួក​កូន​ចៅ​អាំម៉ូន​មាន​កំឡាំង​ហួស​ពេក ឯង​ឈ្នះ​គេ​មិន​បាន នោះ​អញ​នឹង​ទៅ​ជួយ​ឯង​វិញ

12. ចូរ​ឲ្យ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​មាន​កំឡាំង​ចុះ ដោយ​ព្រោះ​សាសន៍​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ផង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​សេចក្តី តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ

13. ដូច្នេះ យ៉ូអាប់ និង​ពួក​ពល ដែល​នៅ​ជា​មួយ​ក៏​ចូល​ទៅ​តស៊ូ​នឹង​ពួក​ស៊ីរី ហើយ​គេ​បាក់​ទ័ព​រត់​ពី​មុខ​លោក​ចេញ​ទៅ

14. កាល​ពួក​កូន​ចៅ​អាំម៉ូន​បាន​ឃើញ​ថា ពួក​ស៊ីរី​បាក់​ទ័ព​ហើយ នោះ​គេ​ក៏​រត់​ចេញ​ពី​មុខ​អ័ប៊ី‌សាយ​ដែរ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ រួច​យ៉ូអាប់​ក៏​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន វិល​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

15. កាល​ពួក​ស៊ីរី​ឃើញ​ថា បាន​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ នោះ​ក៏​មូល​គ្នា

16. ហើយ​ហាដា‌រេ‌ស៊ើរ​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ ក៏​ទន្ទ្រាន​ចូល​ស្រុក​ហេឡាម មាន​សូបាក ជា​មេ‌ទ័ព​ធំ​របស់​ហាដា‌រេ‌ស៊ើរ ជា​អ្នក​នាំ​មុខ

17. កាល​ដាវីឌ​ទ្រង់​ជ្រាប នោះ​ក៏​ប្រមូល​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់ ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដល់​ស្រុក​ហេឡាម ពួក​ស៊ីរី​គេ​ក៏​ត្រៀម​ពល​ត​នឹង​ដាវីឌ

18. តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រា‌អែល​ទៅ ហើយ​ដាវីឌ​បាន​សំឡាប់​ពួក​គេ ដែល​នៅ​រទេះ​ចំបាំង​អស់​៧០០​រទេះ និង​ពួក​ពល​សេះ​៤​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក ជា​មេ‌ទ័ព​គេ ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ

19. កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​អំណាច​ហាដា‌រេ‌ស៊ើរ​ឃើញ​ថា ខ្លួន​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ នោះ​ក៏​ចង​ជា​ស្ពាន​មេត្រី​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ចំណុះ​គេ​វិញ ដូច្នេះ ពួក​ស៊ីរី​មិន​ហ៊ាន​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។

២ សាំយូអែល 10