1. ក្រោយនោះមក ស្តេចនៃពួកកូនចៅអាំម៉ូនទ្រង់អស់ព្រះជន្មទៅ ហើយហានូន ជាបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួស
2. នោះដាវីឌទ្រង់ព្រះដំរិះថា អញនឹងសំដែងសេចក្តីសប្បុរស ដល់ហានូន កូនណាហាស ដូចជាបិតាលោកបានសំដែងដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូត ឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌ ក៏ចូលទៅក្នុងស្រុកនៃពួកកូនចៅអាំម៉ូន
3. ប៉ុន្តែ ពួកមេរបស់កូនចៅអាំម៉ូន ទូលដល់ហានូនជាម្ចាស់គេថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ឯគំនិតដាវីឌ ដែលចាត់ពួកទូតនេះ ឲ្យមកដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលទីក្រុង រួចរំលំចេញប៉ុណ្ណោះវិញទេតើ
4. ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌ កោរពុកចង្កាគេ១ចំហៀង ក៏កាត់អាវគេផ្តាច់ផ្នែកខាងក្រោមនៅត្រឹមគូថ រួចលែងឲ្យទៅវិញ
5. កាលដំណឹងនោះបានជ្រាបដល់ដាវីឌ នោះទ្រង់ក៏ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្តីខ្មាសណាស់ ស្តេចទ្រង់បង្គាប់ថា ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទំរាំពុកចង្កាដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។
6. កាលពួកកូនចៅអាំម៉ូនឃើញថា ដាវីឌត្រឡប់ជាខ្ពើមគេហើយ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប និងពីក្រុងសូបា បានពលថ្មើរជើង២ម៉ឺននាក់ និងស្តេចស្រុកម្អាកា ព្រមទាំងពល១ពាន់នាក់ ហើយពួកស្រុកថូប១ម៉ឺន២ពាន់នាក់ទៀត
7. កាលដាវីឌបានជ្រាបហើយ នោះទ្រង់ចាត់យ៉ូអាប់ និងពួកពលខ្លាំងពូកែទាំងអស់ឲ្យទៅ
8. ឯពួកកូនចៅអាំម៉ូន គេក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា និងក្រុងរេហុប ហើយពួកថូប និងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។
9. រីឯយ៉ូអាប់ កាលឃើញថា គេចោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នោះ នោះលោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ទៅឲ្យដំរៀបគ្នា តនឹងពួកស៊ីរី
10. ឯបណ្តាទ័ពដែលសល់នៅ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយប្អូនក៏ដំរៀបពលតនឹងពួកកូនចៅអាំម៉ូន
11. លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកំឡាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកំឡាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ
12. ចូរឲ្យយើងរាល់គ្នាមានចិត្តក្លាហានឡើង ហើយមានកំឡាំងចុះ ដោយព្រោះសាសន៍យើង និងទីក្រុងរបស់ព្រះនៃយើងផង សូមឲ្យព្រះយេហូវ៉ាសំរេចសេចក្តី តាមព្រះហឫទ័យទ្រង់ចុះ
13. ដូច្នេះ យ៉ូអាប់ និងពួកពល ដែលនៅជាមួយក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
14. កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡិមវិញ។