3. ដាវីឌសួរថា អ្នកមកពីណា គាត់ជំរាបថា ខ្ញុំបានរត់រួចមកពីកងទ័ពអ៊ីស្រាអែល
4. ដាវីឌសួរថា ចុះយ៉ាងដូចម្តេចទៅ សូមប្រាប់ខ្ញុំផង គាត់ជំរាបថា ពួកបណ្តាទ័ពបានរត់ពីចំបាំងចេញ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ ក៏បានសុគតហើយ
5. រួចដាវីឌសួរអ្នកកំឡោះ ដែលនាំដំណឹងមកជំរាបនោះថា ដូចម្តេចបានជាអ្នកដឹងថា សូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគតហើយដូច្នោះ
6. មនុស្សកំឡោះនោះជំរាបថា គាប់ជួនជាខ្ញុំកំពុងនៅលើភ្នំគីលបោ នោះឃើញសូលទ្រង់ច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់ជាប្រកិត
7. កាលទ្រង់បែរទតមកក្រោយឃើញខ្ញុំ នោះទ្រង់ក៏ហៅខ្ញុំ ហើយខ្ញុំទូលថា ព្រះករុណាវិសេសព្រះអម្ចាស់
8. រួចទ្រង់មានព្រះបន្ទូលសួរថា ឯងជាអ្នកណា ខ្ញុំក៏ទូលឆ្លើយថា ទូលបង្គំជាសាសន៍អាម៉ាលេក
9. នោះទ្រង់បង្គាប់មកខ្ញុំថា ចូរមកជិតនេះ ហើយសំឡាប់យើងទៅ ដ្បិតដែលយើងរស់នៅ នោះមានសេចក្តីទុក្ខគ្របសង្កត់ខ្លាំងណាស់
10. ដូច្នេះ ខ្ញុំក៏ចូលទៅជិត ធ្វើគុតទ្រង់ទៅ ដោយខ្ញុំដឹងពិតថា ដែលទ្រង់ដួលដូច្នេះហើយ នោះនឹងគង់ព្រះជន្មនៅមិនបានឡើយ ឯមកុដដែលនៅលើព្រះសិរ និងកងកន់ដែលនៅព្រះហស្តទ្រង់ នោះខ្ញុំបាននាំយកមកជូនលោកជាម្ចាស់ខ្ញុំ។
11. នោះដាវីឌក៏ចាប់ហែកសំលៀកបំពាក់របស់ខ្លួន ហើយពួកអ្នកដែលនៅជាមួយក៏ធ្វើដូច្នោះដែរ
12. គេនាំគ្នាកាន់ទុក្ខ ព្រមទាំងយំ ហើយតមអាហារ ដរាបដល់ល្ងាច ដោយព្រោះសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ និងពួកទ័ពនៃព្រះយេហូវ៉ា ហើយនឹងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ពីព្រោះគេបានដួលស្លាប់ដោយដាវ
13. រួចដាវីឌលោកសួរមនុស្សកំឡោះ ដែលនាំដំណឹងមកនោះថា អ្នកជាសាសន៍ណា គាត់ជំរាបថា ខ្ញុំជាកូនរបស់សាសន៍ដទៃម្នាក់ គឺសាសន៍អាម៉ាលេក
14. ដាវីឌសួរទៀតថា ម្តេចក៏អ្នកមិនខ្លាចនឹងលូកដៃទៅសំឡាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យដូច្នោះ
15. នោះដាវីឌក៏ហៅពួកកំឡោះម្នាក់មកប្រាប់ថា ចូលទៅសំឡាប់អ្នកនោះចោលចុះ គេក៏ប្រហារឲ្យស្លាប់ទៅ
16. រួចដាវីឌមានប្រសាសន៍ថា ចូរឲ្យឈាមអ្នកធ្លាក់ទៅលើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួន អ្នកហើយថា អ្នកបានសំឡាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ។
17. នេះជាបទទំនួញ ដែលដាវីឌបានលើកនិពន្ធទុកពីដំណើរសូល និងយ៉ូណាថាន ជាបុត្រាទ្រង់