២ សាំយូអែល 1:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ក្រោយ​ដែល​សូល​បាន​សុគត​ហើយ កាល​ដាវីឌ​បាន​ត្រឡប់​មក ពី​វាយ​ពួក​អាម៉ា‌លេក​វិញ ហើយ​បាន​នៅ​ក្រុង​ស៊ីក‌ឡាក់​អស់​២​ថ្ងៃ

2. នោះ​ដល់​ថ្ងៃ​ទី​៣ មាន​មនុស្ស​ម្នាក់​មក​ពី​ទី​បោះ​ទ័ព​របស់​សូល ស្លៀក‌ពាក់​រហែក‌រហោក ហើយ​មាន​ដី​នៅ​លើ​ក្បាល កាល​មក​ដល់​ដាវីឌ នោះ​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ដោយ​គោរព

3. ដាវីឌ​សួរ​ថា អ្នក​មក​ពី​ណា គាត់​ជំរាប​ថា ខ្ញុំ​បាន​រត់​រួច​មក​ពី​កង‌ទ័ព​អ៊ីស្រា‌អែល

4. ដាវីឌ​សួរ​ថា ចុះ​យ៉ាង​ដូច​ម្តេច​ទៅ សូម​ប្រាប់​ខ្ញុំ​ផង គាត់​ជំរាប​ថា ពួក​បណ្តា‌ទ័ព​បាន​រត់​ពី​ចំបាំង​ចេញ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ដួល​ស្លាប់​ដែរ ឯ​សូល និង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ ក៏​បាន​សុគត​ហើយ

5. រួច​ដាវីឌ​សួរ​អ្នក​កំឡោះ ដែល​នាំ​ដំណឹង​មក​ជំរាប​នោះ​ថា ដូច​ម្តេច​បាន​ជា​អ្នក​ដឹង​ថា សូល និង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ បាន​សុគត​ហើយ​ដូច្នោះ

6. មនុស្ស​កំឡោះ​នោះ​ជំរាប​ថា គាប់​ជួន​ជា​ខ្ញុំ​កំពុង​នៅ​លើ​ភ្នំ​គីលបោ នោះ​ឃើញ​សូល​ទ្រង់​ច្រត់​លើ​លំពែង​របស់​ទ្រង់ ឯ​ពល​រទេះ និង​ពល​សេះ​របស់​គេ​ក៏​តាម​ទ្រង់​ជា​ប្រកិត

7. កាល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

8. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯង​ជា​អ្នក​ណា ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ជា​សាសន៍​អាម៉ា‌លេក

9. នោះ​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​មក​ជិត​នេះ ហើយ​សំឡាប់​យើង​ទៅ ដ្បិត​ដែល​យើង​រស់​នៅ នោះ​មាន​សេចក្តី​ទុក្ខ​គ្រប​សង្កត់​ខ្លាំង​ណាស់

10. ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​ជិត ធ្វើ​គុត​ទ្រង់​ទៅ ដោយ​ខ្ញុំ​ដឹង​ពិត​ថា ដែល​ទ្រង់​ដួល​ដូច្នេះ​ហើយ នោះ​នឹង​គង់​ព្រះ‌ជន្ម​នៅ​មិន​បាន​ឡើយ ឯ​មកុដ​ដែល​នៅ​លើ​ព្រះ‌សិរ និង​កង‌កន់​ដែល​នៅ​ព្រះ‌ហស្ត​ទ្រង់ នោះ​ខ្ញុំ​បាន​នាំ​យក​មក​ជូន​លោក​ជា​ម្ចាស់​ខ្ញុំ។

11. នោះ​ដាវីឌ​ក៏​ចាប់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ក៏​ធ្វើ​ដូច្នោះ​ដែរ

12. គេ​នាំ​គ្នា​កាន់​ទុក្ខ ព្រម​ទាំង​យំ ហើយ​តម​អាហារ ដរាប​ដល់​ល្ងាច ដោយ​ព្រោះ​សូល និង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ និង​ពួក​ទ័ព​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ពី​ព្រោះ​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ

13. រួច​ដាវីឌ​លោក​សួរ​មនុស្ស​កំឡោះ ដែល​នាំ​ដំណឹង​មក​នោះ​ថា អ្នក​ជា​សាសន៍​ណា គាត់​ជំរាប​ថា ខ្ញុំ​ជា​កូន​របស់​សាសន៍​ដទៃ​ម្នាក់ គឺ​សាសន៍​អាម៉ា‌លេក

14. ដាវីឌ​សួរ​ទៀត​ថា ម្តេច​ក៏​អ្នក​មិន​ខ្លាច​នឹង​លូក​ដៃ​ទៅ​សំឡាប់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ដូច្នោះ

15. នោះ​ដាវីឌ​ក៏​ហៅ​ពួក​កំឡោះ​ម្នាក់​មក​ប្រាប់​ថា ចូល​ទៅ​សំឡាប់​អ្នក​នោះ​ចោល​ចុះ គេ​ក៏​ប្រហារ​ឲ្យ​ស្លាប់​ទៅ

២ សាំយូអែល 1