2. ឯសាឡូម៉ូន ទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់អស់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំង ដែលទ្រង់មិនបានស្រាយន័យ ថ្វាយព្រះនាងនោះទេ
3. កាលមហាក្សត្រីស្រុកសេបា បានឃើញប្រាជ្ញា របស់សាឡូម៉ូន និងដំណាក់ដែលទ្រង់បានធ្វើ
4. ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបំរើទ្រង់ សណ្ឋានពួកបរិវាររបស់ទ្រង់ និងគ្រឿងតែងកាយរបស់គេ ហើយពួកបំរើថ្វាយពែងរបស់ទ្រង់ និងសំលៀកបំពាក់របស់គេ ហើយនឹងដង្វាយដុត ដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី
5. រួចមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮនិយាយ នៅស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
6. ប៉ុន្តែខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញ នឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮ ពីប្រាជ្ញាដ៏ជាធំរបស់ទ្រង់នោះ គេថ្លែងប្រាប់មិនដល់ត្រឹមទាំងពាក់កណ្តាលផង ទ្រង់លើសហួសពីកិត្តិនាមដែលខ្ញុំម្ចាស់បានឮទៅទៀត
7. មានពរហើយ ពួកទ្រង់ និងពួកអ្នកបំរើនេះ ដែលឈរនៅចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់
8. សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃទ្រង់បានព្រះពរដែលទ្រង់បានសព្វព្រះហឫទ័យនឹងព្រះករុណា ដើម្បីនឹងលើកព្រះករុណាឡើង ឲ្យគង់លើបល្ល័ង្ករាជ្យ ធ្វើជាស្តេចថ្វាយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ គឺដោយព្រោះព្រះនៃទ្រង់បានស្រឡាញ់សាសន៍អ៊ីស្រាអែល ដោយប្រាថ្នានឹងតាំងគេឲ្យខ្ជាប់ខ្ជួនអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងជាស្តេចលើគេ ដើម្បីនឹងសំរេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
9. រួចព្រះនាងក៏ថ្វាយមាស១២០ហាប ហើយគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានដំឡៃ ដល់ស្តេច មិនដែលមានគ្រឿងក្រអូបណា ដូចអស់ទាំងគ្រឿងក្រអូប ដែលមហាក្សត្រីស្រុកសេបា បានថ្វាយដល់ស្តេចសាឡូម៉ូននោះឡើយ។
10. រីឯពួកសំពៅរបស់ហ៊ីរ៉ាម និងពួករបស់សាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើច្ទ័នន៍ និងត្បូងមានដំឡៃមកផងដែរ
11. ស្តេចទ្រង់យកឈើច័ន្ទន៍នោះ ធ្វើជាភ្នាក់ដៃសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសំរាប់ដំណាក់ស្តេច ព្រមទាំងស៊ុង និងពិណ សំរាប់ពួកចំរៀងផង ពីដើមមិនដែលឃើញមានយ៉ាងដូច្នោះ នៅក្នុងស្រុកយូដាឡើយ
12. ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យព្រះនាង គឺរបស់អ្វីៗដែលព្រះនាងសូម លើសអំពីរបស់ទាំងប៉ុន្មាន ដែលព្រះនាងបានថ្វាយដល់ស្តេច ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញទៅ។
13. រីឯមាស ដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់៦៦៦ហាប
14. ក្រៅពីនោះ មានមាសដែលមកដោយសារពួកលក់ដូរថែមទៀត ហើយអស់ទាំងស្តេចស្រុកអារ៉ាប់ និងពួកចៅហ្វាយស្រុក ក៏យកមាស និងប្រាក់មកថ្វាយសាឡូម៉ូនដែរ
15. ស្តេចសាឡូម៉ូនទ្រង់ផែមាសធ្វើខែលយ៉ាងធំ២០០ បានយកមាស៦០០ដំឡឹង ដើម្បីនឹងធ្វើខែលមួយៗ
16. ហើយក៏ផែមាសធ្វើខែលតូច៣០០ក្នុងខែមួយៗមានមាស៣០០ដំឡឹង រួចតម្កល់ទុកក្នុងដំណាក់ល្បាណូន
17. មួយទៀត ស្តេចទ្រង់ធ្វើបល្ល័ង្កភ្លុក១យ៉ាងធំ ស្រោបដោយមាសសុទ្ធ
18. មានជណ្តើរ៦ថ្នាក់ឡើងទៅឯបល្ល័ង្ក និងកំណល់កល់ជើងធ្វើពីមាស ដែលជាប់នឹងបល្ល័ង្ក ក៏មានកំណល់ដៃទាំងសងខាងទីអង្គុយ ហើយមានរូបសិង្ហ២ឈរនៅក្បែរកំណល់ដៃនោះ