17. មួយទៀត ស្តេចទ្រង់ធ្វើបល្ល័ង្កភ្លុក១យ៉ាងធំ ស្រោបដោយមាសសុទ្ធ
18. មានជណ្តើរ៦ថ្នាក់ឡើងទៅឯបល្ល័ង្ក និងកំណល់កល់ជើងធ្វើពីមាស ដែលជាប់នឹងបល្ល័ង្ក ក៏មានកំណល់ដៃទាំងសងខាងទីអង្គុយ ហើយមានរូបសិង្ហ២ឈរនៅក្បែរកំណល់ដៃនោះ
19. និងរូបសិង្ហ១២ ឈរនៅទាំងសងខាងនៃថ្នាក់ជណ្តើរទាំង៦នោះដែរ មិនដែលបានធ្វើបល្ល័ង្ក នៅក្នុងនគរណាឲ្យដូចឡើយ
20. អស់ទាំងប្រដាប់ដែលសំរាប់ឲ្យស្តេចសាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងប្រដាប់ប្រដា នៅដំណាក់ល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ នៅក្នុងរាជ្យនៃស្តេចសាឡូម៉ូន នោះប្រាក់មិនសូវមានដំឡៃប៉ុន្មានទេ
21. ដ្បិតស្តេចមានក្រុមនាវា ដែលទៅឯតើស៊ីស ជាមួយនឹងពួកសំពៅរបស់ហ៊ីរ៉ាម ដឹកនាំមាស ប្រាក់ ភ្លុក ទោច និងក្ងោក មករាល់តែ៣ឆ្នាំត្រឡប់មកវិញម្តង។
22. ដូច្នេះ ស្តេចសាឡូម៉ូនទ្រង់មានព្រះរាជទ្រព្យ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី
23. ហើយអស់ទាំងស្តេចនៅផែនដី ក៏រកចូលទៅគាល់សាឡូម៉ូន ដើម្បីនឹងស្តាប់ប្រាជ្ញា ដែលព្រះបានប្រទានមកក្នុងព្រះទ័យទ្រង់
24. គ្រប់គ្នាក៏យកសួយអាករមកថ្វាយ គឺជាគ្រឿងប្រាក់ គ្រឿងមាស សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ។
25. សាឡូម៉ូនទ្រង់មានរោងសំរាប់សេះ ហើយរទេះចំបាំង ៤ពាន់បន្ទប់ ក៏មានពលសេះ១ម៉ឺន២ពាន់នាក់ ទ្រង់ញែកដាក់ឲ្យនៅក្នុងទីក្រុង ដែលសំរាប់រទេះចំបាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងទ្រង់ក្នុងក្រុងយេរូសាឡិមដែរ
26. ទ្រង់ក៏មានអំណាចលើអស់ទាំងស្តេច ចាប់តាំងពីទន្លេរហូតដល់ស្រុកភីលីស្ទីន ហើយដល់ព្រំស្រុកអេស៊ីព្ទផង
27. ស្តេចទ្រង់ធ្វើឲ្យមានប្រាក់សំបូរ នៅក្រុងយេរូសាឡិមដូចជាថ្ម ហើយឲ្យមានដើមតាត្រៅជាបរិបូរ ដូចជាដើមឧទុម្ពរដែលដុះនៅស្រុកទំនាប
28. គេក៏នាំយកសេះពីស្រុកអេស៊ីព្ទ ហើយពីស្រុកទាំងអស់មកថ្វាយទ្រង់ដែរ។
29. រីឯដំណើរឯទៀត ពីសាឡូម៉ូនទាំងមុនទាំងក្រោយនោះសុទ្ធតែបានកត់ទុក នៅក្នុងពង្សាវតារ ដែលហោរាណាថាន់ ជាអ្នកស្រុកស៊ីឡូរ ហើយក្នុងរឿងពីការជាក់ស្តែងរបស់អ៊ីដោជាអ្នកមើលឆុត ដែលលោកឃើញ ពីដំណើរយេរ៉ូបោមជាកូននេបាតហើយ
30. សាឡូម៉ូនទ្រង់សោយរាជ្យលើពួកអ៊ីស្រាអែលទាំងអស់ នៅក្រុងយេរូសាឡិមបាន៤០ឆ្នាំ
31. រួចសាឡូម៉ូន ទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងរបស់ដាវីឌ ជាព្រះបិតាទ្រង់ នោះរេហូបោម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។