7. សាឡូម៉ូនទ្រង់ញែកកន្លែងកណ្តាលទីលាន ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ាចេញជាបរិសុទ្ធ ដ្បិតគឺនៅទីនោះហើយ ដែលទ្រង់ថ្វាយដង្វាយដុតទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ដង្វាយមេត្រីផង ពីព្រោះអាសនាលង្ហិន ដែលសាឡូម៉ូនបានធ្វើនោះ មិនល្មមនឹងទទួលអស់ទាំងដង្វាយដុត ដង្វាយម្សៅ និងខ្លាញ់ផងបានទេ។
8. នៅគ្រានោះ សាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យអស់៧ថ្ងៃ ជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះស្រុកអេស៊ីព្ទ
9. នៅថ្ងៃទី៨ គេក៏ប្រជុំជាជំនុំមុតមាំ ពីព្រោះគេធ្វើបុណ្យឆ្លងអាសនាអស់៧ថ្ងៃ និងបុណ្យនោះ៧ថ្ងៃទៀត
10. រួចដល់ថ្ងៃទី២៣ខែអស្សុជ ទ្រង់ឲ្យពួកជនវិលទៅឯទីលំនៅរបស់គេវិញ ដោយរីករាយសប្បាយ ហើយមានចិត្តត្រេកអរ ដោយព្រោះសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ដាវីឌ ហើយដល់សាឡូម៉ូន និងអ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់។
11. ដូច្នេះសាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងដំណាក់ស្តេចរួចជាស្រេច ហើយរបស់ទាំងប៉ុន្មានដែលសាឡូម៉ូនមានព្រះទ័យចង់ធ្វើ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់របស់ទ្រង់ នោះក៏ធ្វើកើតទាំងអស់
12. រួចមក ព្រះយេហូវ៉ាទ្រង់លេចមកឯសាឡូម៉ូននៅវេលាយប់ មានព្រះបន្ទូលថា អញបានទទួលសេចក្ដីអធិស្ឋានរបស់ឯងហើយ ក៏បានរើសទីនេះ ទុកជាទីសំរាប់អញ ឲ្យបានជាទីថ្វាយយញ្ញបូជា
13. បើកាលណាអញបិទមេឃមិនឲ្យភ្លៀងធ្លាក់ចុះ ឬបើអញបង្គាប់កណ្តូបឲ្យស៊ីបំផ្លាញស្រុក ឬឲ្យមានអាសន្នរោគកើតឡើងក្នុងពួករាស្ត្រអញ
14. នោះបើរាស្ត្រអញ ដែលបានហៅតាមឈ្មោះអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនឹងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង
15. ឥឡូវនេះ ភ្នែកអញនឹងនៅតែបើក ហើយត្រចៀកអញ នឹងនៅតែផ្ទៀងស្តាប់សេចក្ដី ដែលគេអធិស្ឋាននៅទីនេះ
16. ដ្បិតឥឡូវនេះ អញបានរើសព្រះវិហារនេះ ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យឈ្មោះអញបានតាំងនៅទីនេះជាដរាបទៅ ឯភ្នែក និងចិត្តអញ ក៏នឹងនៅទីនេះជានិច្ច
17. ចំណែកឯង បើសិនជាដើរនៅមុខអញ ដូចជាដាវីឌ ជាឪពុកឯង ព្រមទាំងធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ឯង ហើយរក្សាបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មានរបស់អញ
18. នោះអញនឹងតាំងរាជ្យនៃនគរឯង ឲ្យខ្ជាប់ខ្ជួនឡើង ដូចជាអញបានតាំងសញ្ញានឹងដាវីឌ ជាឪពុកឯងថា នឹងមិនដែលខានមានពូជឯងគ្រប់គ្រងលើអ៊ីស្រាអែលឡើយ
19. ប៉ុន្តែបើឯងរាល់គ្នាងាកបែរចេញ ហើយបោះបង់ចោលបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលអញបានដាក់សំញែងនៅមុខឯងរាល់គ្នា ទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះដទៃវិញ
20. នោះអញនឹងរំលើងគេ ចេញពីស្រុកដែលអញបានឲ្យដល់គេ រួចព្រះវិហារនេះ ដែលអញបានញែកជាបរិសុទ្ធ ទុកសំរាប់ឈ្មោះអញ នោះអញនឹងបោះបង់ចោលពីភ្នែកអញចេញ ឲ្យបានត្រឡប់ជាទីប្រៀបផ្ទឹម ហើយជាទីត្មះតិះដៀល នៅក្នុងសាសន៍ដទៃទាំងអស់
21. ហើយព្រះវិហារនេះដែលខ្ពស់ទាំងម៉្លេះ នោះអស់អ្នកណាដែលដើរតាមនេះ នឹងមានសេចក្ដីប្លែកក្នុងចិត្តថា ហេតុអ្វីបានជាព្រះយេហូវ៉ាប្រព្រឹត្តនឹងស្រុកនេះ ហើយនឹងព្រះវិហារនេះយ៉ាងដូច្នេះ
22. គេនឹងឆ្លើយឡើងថា គឺដោយព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក ហើយបានទៅចាប់កាន់តាមព្រះដទៃ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះផង ហេតុនោះបានជាទ្រង់បណ្តាលឲ្យសេចក្ដីអាក្រក់ទាំងនេះកើតឡើងដល់គេ។