26. បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានដំរង់មកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ
27. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាប របស់ពួកអ្នកបំរើទ្រង់ គឺជាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យគេដឹងផ្លូវល្អណា ដែលត្រូវដើរ រួចសូមបង្អុរភ្លៀង ឲ្យមកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ទុកជាមរដកផង។
28. បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយមកក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្ដីវេទនាណា ឬជំងឺណាក៏ដោយ
29. នោះទោះបើមនុស្សណា ឬបណ្តាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដែលស្គាល់សេចក្ដីវេទនា និងសេចក្ដីទុកលំបាក នៅក្នុងចិត្តខ្លួន គេលើកដៃប្រទូលដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
30. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសងដល់គ្រប់គ្នា តាមអំពើប្រព្រឹត្តរបស់គេ តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែមួយដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់)
31. ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់ ប្រយោជន៍ឲ្យបានដើរតាមផ្លូវទ្រង់ នៅអស់១ជីវិតដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកអយ្យកោយើងខ្ញុំរាល់គ្នា។
32. មួយទៀតត្រង់ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេមកពីស្រុកឆ្ងាយ ដោយព្រោះព្រះនាមទ្រង់ដ៏ជាធំ និងព្រះហស្តដ៏មានឥទ្ធិឫទ្ធិ ហើយព្រះពាហុលើកសំរេចរបស់ទ្រង់កាលណាគេអធិស្ឋានដំរង់មកឯព្រះវិហារនេះ
33. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ហើយធ្វើសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃ នោះនឹងសូមដល់ទ្រង់ផង ដើម្បីឲ្យគ្រប់ទាំងសាសន៍ នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ហើយកោតខ្លាចដល់ទ្រង់ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់ពិត។
34. បើសិនជារាស្ត្ររបស់ទ្រង់ចេញទៅ ច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលទ្រង់នឹងចាត់គេឲ្យទៅហើយគេអធិស្ឋានដល់ទ្រង់ ទាំងបែរមកឯទីក្រុងនេះដែលទ្រង់បានរើស និងព្រះវិហារនេះដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់
35. នោះសូមទ្រង់ប្រោសស្តាប់ ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចតាមសេចក្ដីត្រឹមត្រូវឲ្យគេផង។
36. បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សឯណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធ ព្រមទាំងប្រគល់គេទៅឲ្យពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយ នៅស្រុកណា ទោះឆ្ងាយ ឬជិតក្តី
37. នោះបើគេនឹកចាំនៅក្នុងស្រុក ដែលបានដឹកនាំគេទៅជាឈ្លើយនោះ ហើយបែរត្រឡប់មកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់នៅក្នុងស្រុក ដែលគេនៅជាឈ្លើយនោះថា យើងខ្ញុំបានធ្វើបាប ព្រមទាំងប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់
38. បើសិនជាគេវិលត្រឡប់មកឯទ្រង់ អស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុកដែលគេនៅជាឈ្លើយ គឺក្នុងស្រុកដែលខ្មាំងសត្រូវបានដឹកនាំទៅនោះ ហើយគេអធិស្ឋានដំរង់មកឯស្រុកនេះ ដែលទ្រង់បានប្រទានដល់ពួកអយ្យកោគេ និងទីក្រុងនេះដែលទ្រង់បានរើស ហើយព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់
39. នោះសូមទ្រង់ប្រោសស្តាប់ ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចសេចក្ដីត្រឹមត្រូវឲ្យគេផង ហើយអត់ទោសដល់រាស្ត្រទ្រង់ ដែលបានធ្វើបាបនឹងទ្រង់នោះ។
40. ឥឡូវនេះ ឱព្រះនៃទូលបង្គំអើយ សូមឲ្យព្រះនេត្រទ្រង់បាននៅតែបើក ហើយព្រះកាណ៌ទ្រង់ផ្ទៀងស្តាប់ជានិច្ច ចំពោះសេចក្ដីដែលគេអធិស្ឋាននៅទីនេះ
41. ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមទ្រង់ឈរឡើង យាងចូលទៅឯទីសំរាករបស់ទ្រង់ឥឡូវ ព្រមទាំងហឹបរបស់ឥទ្ធានុភាពរបស់ទ្រង់ផង ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យពួកសង្ឃនៃទ្រង់បានប្រដាប់ខ្លួន ដោយសេចក្ដីសង្គ្រោះ ហើយឲ្យពួកបរិសុទ្ធរបស់ទ្រង់បានរីករាយសប្បាយ ដោយសេចក្ដីល្អ
42. ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមកុំបំបែរមុខនៃអ្នក ដែលទ្រង់បានចាក់ប្រេងតាំងចេញឡើយ សូមនឹកចាំពីសេចក្ដីសប្បុរស ដែលទ្រង់បានប្រោសដល់ដាវីឌជាអ្នកបំរើទ្រង់ផង។។