6. ទ្រង់ក៏ធ្វើចានក្លាំ១០ ដាក់៥ខាងស្តាំ និង៥ខាងឆ្វេង សំរាប់ការលាងសំអាត របស់អ្វីដែលត្រូវខាងដង្វាយដុត នោះគេលាងក្នុងចានក្លាំទាំងនោះ តែឯសមុទ្រនោះ សំរាប់ឲ្យពួកសង្ឃលាងវិញ។
7. ទ្រង់ធ្វើជើងចង្កៀង១០ពីមាស តាមច្បាប់នៃជើងចង្កៀងទាំងនោះ ក៏យកទៅដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង
8. ក៏ធ្វើតុ១០ដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង រួចធ្វើផ្តិលមាស១០០
9. ទ្រង់ធ្វើទីលានសំរាប់ពួកសង្ឃ និងទីលានធំ ព្រមទាំងទ្វារសំរាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន
10. ទ្រង់ដាក់សមុទ្រនៅខាងស្តាំ នៃចុងខាងកើតរបស់ព្រះវិហារ គឺឆៀងទៅខាងត្បូង
11. ហ៊ីរ៉ាមធ្វើឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មានដែរ ដូច្នេះ ហ៊ីរ៉ាមបានធ្វើសំរេចការទាំងប៉ុន្មាននោះដែលគាត់ធ្វើថ្វាយស្តេចសាឡូម៉ូន នៅក្នុងព្រះវិហារនៃព្រះ
12. គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរនោះ ព្រមទាំងក្បាច់រាងក្រឡាអួន សំរាប់បាំងតួក្បាលសសរ ដែលនៅលើកំពូលនោះ
13. និងផ្លែទទឹម៤០០សំរាប់ក្បាច់ក្រឡាអួនទាំង២ គឺជាផ្លែទទឹម២ជួរក្នុងក្បាច់ក្រឡាអួន១ សំរាប់នឹងបាំងតួក្បាលសសរ ដែលនៅពីលើនោះ
14. គាត់ក៏ធ្វើគ្រោង និងចានក្លាំ ដាក់នៅលើគ្រោងទាំងនោះ
15. សមុទ្រ១ និងគោ១២ទ្រពីក្រោម
16. ឆ្នាំង ចបចូក សម និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្តាការទាំងនោះ ហ៊ីរ៉ាម ជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា
17. ស្តេចទ្រង់បានសិតធ្វើទាំងអស់ នៅក្នុងពុម្ពដីឥដ្ឋត្រង់វាលទន្លេយ័រដាន់ កណ្តាលភូមិសិកូត និងសារថាន
18. គឺយ៉ាងនោះ ដែលសាឡូម៉ូនបានធ្វើប្រដាប់ប្រដា ទាំងនោះយ៉ាងសន្ធឹកណាស់ ដ្បិតលង្ហិនទាំងនោះរកដឹងទំងន់មិនបាន។
19. សាឡូម៉ូនទ្រង់ធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅក្នុងព្រះវិហារនៃព្រះ គឺអាសនាមាស និងតុទាំងប៉ុន្មានសំរាប់ដាក់នំបុ័ងតាំងទុក
20. ហើយនឹងជើងចង្កៀង និងតួចង្កៀងពីមាសសុទ្ធ សំរាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ
21. ហើយផ្កា ចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើពីមាសដែរ គឺជាមាសយ៉ាងសុទ្ធបំផុត
22. ឯគ្របប្រឆេះ ចានក្លាំ កូនចាន និងពាន ក៏ធ្វើពីមាសសុទ្ធចំណែកទ្វារចូរក្នុងព្រះវិហារ និងទ្វារខាងក្នុងដែលសំរាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះសុទ្ធតែធ្វើពីមាសទាំងអស់។