1. យ៉ូសៀស ទ្រង់ក៏ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេសំឡាប់ចៀមធ្វើបុណ្យរំលងនោះ នៅថ្ងៃ១៤ក្នុងខែចេត្រ
2. ទ្រង់តាំងពួកសង្ឃឲ្យធ្វើការងារក្នុងដំណែងគេ ហើយក៏ណែនាំគេឲ្យតាំងចិត្តធ្វើការងារ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
3. ទ្រង់មានព្រះបន្ទូលទៅពួកលេវី ជាអ្នកដែលបង្ហាត់បង្រៀនពួកអ៊ីស្រាអែលទាំងប៉ុន្មាន គឺជាពួកអ្នកបរិសុទ្ធដល់ព្រះវិហារថា ចូរយកហឹបបរិសុទ្ធ ទៅតាំងនៅក្នុងព្រះវិហារដែលសាឡូម៉ូន ជាព្រះរាជបុត្រាដាវីឌ ស្តេចអ៊ីស្រាអែលបានស្អាង មិនចាំបាច់ឲ្យឯងរាល់គ្នាសែងទៀតឡើយ ឥឡូវនេះ ចូរបំរើដល់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ហើយដល់អ៊ីស្រាអែល ជារាស្ត្រទ្រង់ផង
4. ចូរបំរុងខ្លួនជាស្រេច តាមវង្សនៃឪពុកឯងរាល់គ្នា ដោយវេនៗ ឲ្យត្រូវតាមសេចក្ដី ដែលដាវីឌ ជាស្តេចអ៊ីស្រាអែល និងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់បានកត់ទុក
5. ហើយឈរនៅក្នុងទីបរិសុទ្ធ តាមផ្នែកពួកវង្សរបស់ឪពុកនៃបងប្អូនឯងរាល់គ្នា ដែលជាកូនចៅនៃបណ្តាជន តាមដំណែងការងារពួកវង្សរបស់ឪពុកនីមួយៗក្នុងពួកលេវី
6. រួចសំឡាប់ចៀមសំរាប់បុណ្យរំលង ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចមករៀបចំឲ្យពួកបងប្អូនចុះ ដើម្បីនឹងធ្វើតាមសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលដោយសារលោកម៉ូសេ។
7. យ៉ូសៀសទ្រង់ប្រទានកូនចៀម និងកូនពពែ ពីហ្វូងសត្វមានចំនួន៣ម៉ឺន និងគោ៣ពាន់ ដែលសុទ្ធតែជាព្រះរាជទ្រព្យ ដល់ពួកអ្នកក្នុងបណ្តាជនទាំងឡាយ គឺដល់អស់អ្នកដែលប្រជុំគ្នានៅទីនោះ សំរាប់ជាដង្វាយបុណ្យរំលង
8. ឯពួកអ្នកដែលជាប្រធានរបស់ទ្រង់ គេឲ្យដល់ពួកជន ពួកសង្ឃ និងពួកលេវីដោយស្ម័គ្រពីចិត្តដែរ ហើយហ៊ីលគីយ៉ា សាការី និងយេហ៊ីអែល ជាពួកមេលើព្រះវិហារនៃព្រះ ក៏ឲ្យចៀម២ពាន់៦រយ និងគោ៣រយ ដល់ពួកសង្ឃសំរាប់ជាដង្វាយនៃបុណ្យរំលង
9. ឯកូណានា និងសេម៉ាយ៉ា ហើយនេថានេល ជាបងប្អូនលោក ព្រមទាំងហាសាបយ៉ា យីអែល និងយ៉ូសាបាឌ ជាមេពួកលេវី គេក៏ឲ្យចៀម៥ពាន់ និងគោ៥០០ដល់ពួកលេវី សំរាប់ជាដង្វាយបុណ្យរំលងទៀត។