24. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមានសេចក្ដីអាក្រក់មកលើទីនេះ ហើយលើពួកអ្នកដែលនៅទីនេះផង គឺគ្រប់ទាំងសេចក្ដីបណ្តាសាកត់ទុកក្នុងគម្ពីរ ដែលគេបានអានមើលថ្វាយស្តេចពួកយូដា
25. ដោយព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្តាលឲ្យអញខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្ដីកំហឹងរបស់អញបានចាក់មកលើទីនេះ ហើយនឹងពន្លត់មិនបានផង
26. តែឯស្តេចយូដាដែលចាត់ឲ្យឯងរាល់គ្នាមកសួរដល់ព្រះយេហូវ៉ា នោះត្រូវទូលទ្រង់ថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរពាក្យដែលទ្រង់បានឮនោះថា
27. ដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះ ដោយឮព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលទាស់នឹងទីនេះ ហើយនឹងពួកអ្នកនៅទីនេះផង ព្រមទាំងបន្ទ្រោមខ្លួនចុះនៅមុខអញក៏ហែកអាវ ហើយយំនៅមុខអញដូច្នេះ នោះអញបានទទួលស្តាប់តាមឯងហើយ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
28. មើល អញនឹងប្រមូលឯងទៅជាមួយនឹងពួកអយ្យកោឯង ឯងនឹងទៅមូលគ្នា នៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ដែលអញនឹងនាំមកលើទីនេះ និងលើពួកអ្នកនៅទីនេះឡើយ ដូច្នេះ គេក៏នាំយកពាក្យនោះទៅទូលដល់ស្តេចវិញ។
29. នោះស្តេចទ្រង់ចាត់គេ ឲ្យទៅប្រមូលពួកចាស់ទុំនៃស្រុកយូដា និងក្រុងយេរូសាឡិមមកប្រជុំគ្នា
30. រួចស្តេចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា មានទាំងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ហើយពួកសង្ឃ ពួកលេវី និងបណ្តាជនទាំងឡាយ ទាំងធំ ទាំងតូចផង នោះទ្រង់ក៏អានមើល ឲ្យគេស្តាប់អស់ទាំងពាក្យ នៅក្នុងគម្ពីរនៃសេចក្ដីសញ្ញា ដែលបានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
31. ឯស្តេចទ្រង់ឈរនៅកន្លែងទ្រង់ ក៏ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ព្រមទាំងកាន់តាមក្រឹត្យក្រមសេចក្ដីបន្ទាល់ និងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់ពីចិត្ត អស់ពីព្រលឹង ដើម្បីនឹងសំរេចតាមអស់ទាំងពាក្យនៃសញ្ញាដែលបានកត់ទុកក្នុងគម្ពីរនោះ
32. ទ្រង់ក៏បង្គាប់ដល់អស់អ្នក ដែលមាននៅក្នុងក្រុងយេរូសាឡិម ហើយស្រុកបេនយ៉ាមីន ឲ្យកាន់តាមសេចក្ដីសញ្ញានោះ ដូច្នេះ ពួកក្រុងយេរូសាឡិមក៏ធ្វើតាមសេចក្ដីសញ្ញាផងព្រះ ជាព្រះនៃពួកអយ្យកោគេ
33. រួចយ៉ូសៀស ទ្រង់ដកយកអស់ទាំងរបស់គួរស្អប់ខ្ពើមចេញពីស្រុកទាំងប៉ុន្មាន ដែលជារបស់ផងពួកកូនចៅអ៊ីស្រាអែល ហើយក៏បង្គាប់ឲ្យអស់អ្នកដែលនៅស្រុកអ៊ីស្រាអែល គោរពដល់ព្រះយេហូវ៉ា ជាព្រះនៃគេ ដូច្នេះ នៅអស់រវាងព្រះជន្មទ្រង់ នោះគេមិនបានបែរចេញពីការគោរពតាមព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេឡើយ។