2. ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមអស់ទាំងផ្លូវរបស់ដាវីឌ ជាអយ្យកោទ្រង់ផង ឥតងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ
3. ដ្បិតនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់ កាលទ្រង់នៅក្មេងនៅឡើយ នោះទ្រង់ក៏ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាអយ្យកោទ្រង់ លុះដល់ឆ្នាំទី១២ នោះទ្រង់ផ្តើមជំរះសំអាតស្រុកយូដា និងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ រូបព្រះ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ
4. គេក៏បំបាក់បំបែកអាសនាព្រះបាល នៅចំពោះទ្រង់ ក៏កាប់រំលំរូបព្រះអាទិត្យដែលនៅខ្ពស់ពីលើគេ ព្រមទាំងរូបព្រះ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានផង ហើយកិនកំទេចជាផង់ធូលី រួចរោយរុះលើផ្នូរខ្មោចរបស់ពួកអ្នកដែលបានថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ
5. ទ្រង់យកឆ្អឹងពួកសង្ឃទាំងនោះ ទៅដុតលើអាសនារបស់គេ ដូច្នេះទ្រង់បានជំរះសំអាតស្រុកយូដា និងក្រុងយេរូសាឡិមរួចហើយ
6. ទ្រង់ក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាន៉ាសេ ពួកអេប្រាអិម និងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី និងកន្លែងបាក់បែកនៅជុំវិញទាំងប៉ុន្មានដែរ
7. ក៏រំលំអាសនា បំបាក់បំបែករូបព្រះ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។
8. លុះដល់ឆ្នាំទី១៨ ក្នុងរាជ្យទ្រង់ កាលគេបានជំរះសំអាតស្រុក និងព្រះវិហាររួចជាស្រេចហើយ នោះទ្រង់ចាត់សាផាន ជាកូនអ័សាលា ម្អាសេយ៉ា ជាចៅហ្វាយទីក្រុង និងយ៉ូអា កូនយ៉ូអាហាស ជាអ្នកតែងពង្សាវតារ ឲ្យទៅជួសជុលព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃទ្រង់
9. គេក៏ទៅឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ ប្រគល់ប្រាក់ដែលគេបាននាំយកមកក្នុងព្រះវិហារនៃព្រះ ជាប្រាក់ដែលពួកលេវីជាអ្នកឆ្មាំទ្វារ បានប្រមូលពីពួកម៉ាន៉ាសេ ពួកអេប្រាអិម និងសំណល់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ហើយពីពួកយូដា ពួកបេនយ៉ាមីន និងពួកអ្នកនៅក្នុងក្រុងយេរូសាឡិមផង
10. គេប្រគល់ប្រាក់នោះ ទៅក្នុងអំណាចនៃពួកមេជាង ជាអ្នកដែលត្រួតលើការក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយពួកអ្នកទាំងនោះក៏ប្រគល់ដល់ពួកជាងដែលធ្វើការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា សំរាប់នឹងជួសជុល ហើយរៀបចំព្រះវិហារជាថ្មីឡើងវិញ
11. គឺប្រគល់ដល់ពួកជាងឈើ និងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ និងឈើសំរាប់ជាធ្នឹម និងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មាន ដែលពួកស្តេចយូដាបានបំផ្លាញទៅ