11. គឺប្រគល់ដល់ពួកជាងឈើ និងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ និងឈើសំរាប់ជាធ្នឹម និងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មាន ដែលពួកស្តេចយូដាបានបំផ្លាញទៅ
12. ពួកជាងទាំងនោះគេធ្វើការដោយស្មោះត្រង់ ឯអ្នកដែលត្រួតលើគេ គឺយ៉ាហាត និងអូបាឌា ជាពួកលេវីខាងពួកកូនចៅម្រ៉ារី ហើយសាការី និងមស៊ូឡាមខាងពួកកូនចៅកេហាត់ ដើម្បីនឹងបញ្ជឿនការនោះ ហើយមានពួកលេវី ដែលប៉ិនប្រសប់នឹងលេងភ្លេងដែរ
13. គេក៏ត្រួតលើពួកអ្នកដែលលីសែង ហើយលើអស់អ្នកដែលធ្វើការគ្រប់មុខផង ឯក្នុងពួកលេវីទាំងនោះមានស្មៀន និងនាយ ហើយនឹងអ្នកឆ្មាំទ្វារដែរ។
14. កាលកំពុងតែយកប្រាក់ ដែលគេបានយកមកក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញទៅ នោះហ៊ីលគីយ៉ាដ៏ជាសង្ឃ លោកប្រទះឃើញគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដែលបានប្រទានមកដោយសារលោកម៉ូសេ
15. លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន
16. ហើយសាផាននាំយកទៅថ្វាយដល់ស្តេច ទូលថា ឯការទាំងអស់ដែលទ្រង់បានប្រគល់ដល់ពួកអ្នកបំរើទ្រង់ នោះគេកំពុងតែធ្វើហើយ
17. គេបានចាក់ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញ ប្រគល់ទៅក្នុងអំណាចនៃពួកមេជាង និងពួកជាងធ្វើការ
18. រួចស្មៀនសាផានទូលទៀតថា ហ៊ីលគីយ៉ាដ៏ជាសង្ឃបានប្រគល់គម្ពីរនេះមកទូលបង្គំ ហើយសាផានក៏អានមើលក្នុងគម្ពីរនោះថ្វាយស្តេច។
19. កាលស្តេចទ្រង់ឮពាក្យរបស់ក្រឹត្យវិន័យហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ
20. ហើយបង្គាប់ដល់ហ៊ីលគីយ៉ា អ័ហ៊ីកាម ជាកូនសាផាន អាបដូន ជាកូនមីកាយ៉ា ស្មៀនសាផាន និងអ័សាយ៉ា ជាអ្នកជំនិតទ្រង់ថា
21. ចូរទៅសួរដល់ព្រះយេហូវ៉ាឲ្យយើង និងពួកអ្នកដែលសល់នៅក្នុងពួកអ៊ីស្រាអែល ហើយនឹងពួកយូដា ឲ្យយើងបានដឹងពីដំណើរពាក្យនៃគម្ពីរ ដែលប្រទះឃើញនេះ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាដែលបានចាក់មកលើយើងរាល់គ្នា នោះសំបើមណាស់ ពីព្រោះពួកអយ្យកោយើងរាល់គ្នា មិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនេះទេ។
22. ដូច្នេះ ហ៊ីលគីយ៉ា និងពួកអ្នកដែលស្តេចបានចាត់ប្រើនោះ ក៏ទៅឯនាងហ៊ុលដា ជាហោរា ប្រពន្ធសាលូម កូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្ររាជ្យ (នាងនោះអាស្រ័យនៅឃុំលេខ២ ក្នុងក្រុងយេរូសាឡិម) និយាយនឹងនាងតាមដំណើររឿងនោះ
23. រួចនាងតបដល់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់អ្នក ដែលចាត់ឯងរាល់គ្នាឲ្យមកឯអញថា
24. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមានសេចក្ដីអាក្រក់មកលើទីនេះ ហើយលើពួកអ្នកដែលនៅទីនេះផង គឺគ្រប់ទាំងសេចក្ដីបណ្តាសាកត់ទុកក្នុងគម្ពីរ ដែលគេបានអានមើលថ្វាយស្តេចពួកយូដា
25. ដោយព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្តាលឲ្យអញខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្ដីកំហឹងរបស់អញបានចាក់មកលើទីនេះ ហើយនឹងពន្លត់មិនបានផង
26. តែឯស្តេចយូដាដែលចាត់ឲ្យឯងរាល់គ្នាមកសួរដល់ព្រះយេហូវ៉ា នោះត្រូវទូលទ្រង់ថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរពាក្យដែលទ្រង់បានឮនោះថា