២ របាក្សត្រ 33:8-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ហើយ​អញ​ក៏​មិន​ដែល​ដក​ជើង​នៃ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ទៀត​ឡើយ ឲ្យ​តែ​គេ​រក្សា ហើយ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​គេ គឺ​ជា​ក្រឹត្យ‌វិន័យ​ទាំង​មូល និង​បញ្ញត្ត ហើយ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ឲ្យ​ដោយ‌សារ​ម៉ូសេ​ប៉ុណ្ណោះ​ចុះ

9. តែ​ម៉ាន៉ាសេ​ទ្រង់​ព្រលួង​ពួក​យូដា និង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម ឲ្យ​បាន​ធ្វើ​ការ​អាក្រក់ លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ។

10. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ាន៉ាសេ ហើយ​នឹង​រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​តាម​ឡើយ

11. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាស‌ស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ម៉ាន៉ាសេ ដាក់​ខ្នោះ​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន

12. តែ​កាល​ទ្រង់​មាន​សេចក្ដី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ទ្រង់ ព្រម​ទាំង​បន្ទាប​ព្រះ‌ទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់​វិញ

13. ក៏​អធិ‌ស្ឋាន ហើយ​ព្រះ​ក៏​ទន់​ព្រះ‌ហឫ‌ទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​ឯ​រាជ្យ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ ដូច្នេះ ទើប​ម៉ាន៉ាសេ​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត។

14. ក្រោយ​នោះ ទ្រង់​សង់​កំផែង នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំវិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កំពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​មេ‌ទ័ព​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា

15. ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាស‌នា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង

16. រួច​ទ្រង់​ស្អាង​អាស‌នា​ព្រះ‌យេហូវ៉ា​ឡើង​វិញ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី និង​ដង្វាយ​អរ​ព្រះ‌គុណ នៅ​លើ​អាស‌នា​នោះ ក៏​បង្គាប់​ឲ្យ​ពួក​យូដា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

17. ប៉ុន្តែ​ពួក​បណ្តា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នៅ​ឡើយ​តែ​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​វិញ។

18. រីឯ​ដំណើរ​ឯ​ទៀត​ពី​ម៉ាន៉ាសេ និង​សេចក្ដី​ដែល​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ​នៃ​ទ្រង់ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នក​មើល‌ឆុត​បាន​ទូល​ទ្រង់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​កិច្ច‌ការ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

19. ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​ទ្រង់ និង​ការ​ដែល​ព្រះ​បាន​ទន់​ព្រះ‌ហឫ‌ទ័យ​ទទួល​តាម​ទ្រង់ ព្រម​ទាំង​អំពើ​បាប និង​ការ​រំលង​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​ទាំង​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ទី​ខ្ពស់ ហើយ​តម្កល់​រូប​ព្រះ និង​រូប​ឆ្លាក់ មុន​ដែល​ទ្រង់​បាន​បន្ទាប​ព្រះ‌ទ័យ​ចុះ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ពួក​អ្នក​មើល‌ឆុត​បាន​ចារឹក​ទុក​ហើយ

២ របាក្សត្រ 33