8. ហើយអញក៏មិនដែលដកជើងនៃពួកអ៊ីស្រាអែលចេញពីស្រុក ដែលអញបានឲ្យដល់ពួកអយ្យកោឯងរាល់គ្នាទៀតឡើយ ឲ្យតែគេរក្សា ហើយធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ដល់គេ គឺជាក្រឹត្យវិន័យទាំងមូល និងបញ្ញត្ត ហើយច្បាប់ទាំងប៉ុន្មាន ដែលអញបានឲ្យដោយសារម៉ូសេប៉ុណ្ណោះចុះ
9. តែម៉ាន៉ាសេទ្រង់ព្រលួងពួកយូដា និងពួកអ្នកក្រុងយេរូសាឡិម ឲ្យបានធ្វើការអាក្រក់ លើសជាងសាសន៍ដទៃទាំងប៉ុន្មានទៅទៀត ជាសាសន៍ដែលព្រះយេហូវ៉ាបានបំផ្លាញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
10. ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ាន៉ាសេ ហើយនឹងរាស្ត្រទ្រង់ដែរ តែគេមិនព្រមទទួលស្តាប់តាមឡើយ
11. ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ម៉ាន៉ាសេ ដាក់ខ្នោះដាក់ច្រវាក់ នាំទៅឯក្រុងបាប៊ីឡូន
12. តែកាលទ្រង់មានសេចក្ដីវេទនា នោះក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកអយ្យកោទ្រង់វិញ