4. ទ្រង់ក៏ស្អាងអាសនា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីទីនោះថា ឈ្មោះអញនឹងនៅក្រុងយេរូសាឡិមជាដរាបតទៅ
5. ទ្រង់ធ្វើអាសនាសំរាប់គោរពដល់អស់ទាំងពួកពលបរិវារនៅលើមេឃ ត្រង់ទីលានទាំង២នៃព្រះវិហារព្រះយេហូវ៉ា
6. ក៏ធ្វើឲ្យបុត្រទ្រង់ឆ្លងកាត់ភ្លើង នៅក្នុងច្រកភ្នំរបស់កូនហ៊ីនណំម ក៏ប្រព្រឹត្តនក្ខត្តឫក្ស អង្គុយធម៌ អាបធ្មប់ ហើយរកគ្រូខាប និងគ្រូគាថា ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ជាច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាហេតុដែលបណ្តាលឲ្យព្រះមានសេចក្ដីក្រោធ
7. ទ្រង់យករូបឆ្លាក់ជារូបដែលព្រះទ្រង់បានធ្វើ ទៅតម្កល់ក្នុងព្រះវិហារនៃព្រះជាទីដែលព្រះបានមានព្រះបន្ទូលនឹងដាវីឌ ហើយនឹងសាឡូម៉ូនជាព្រះរាជបុត្រាទ្រង់ថា អញនឹងតាំងឈ្មោះអញ នៅក្នុងព្រះវិហារនេះនៅក្រុងយេរូសាឡិម ជាទីដែលអញបានរើសក្នុងគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ
8. ហើយអញក៏មិនដែលដកជើងនៃពួកអ៊ីស្រាអែលចេញពីស្រុក ដែលអញបានឲ្យដល់ពួកអយ្យកោឯងរាល់គ្នាទៀតឡើយ ឲ្យតែគេរក្សា ហើយធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ដល់គេ គឺជាក្រឹត្យវិន័យទាំងមូល និងបញ្ញត្ត ហើយច្បាប់ទាំងប៉ុន្មាន ដែលអញបានឲ្យដោយសារម៉ូសេប៉ុណ្ណោះចុះ
9. តែម៉ាន៉ាសេទ្រង់ព្រលួងពួកយូដា និងពួកអ្នកក្រុងយេរូសាឡិម ឲ្យបានធ្វើការអាក្រក់ លើសជាងសាសន៍ដទៃទាំងប៉ុន្មានទៅទៀត ជាសាសន៍ដែលព្រះយេហូវ៉ាបានបំផ្លាញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
10. ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ាន៉ាសេ ហើយនឹងរាស្ត្រទ្រង់ដែរ តែគេមិនព្រមទទួលស្តាប់តាមឡើយ
11. ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ម៉ាន៉ាសេ ដាក់ខ្នោះដាក់ច្រវាក់ នាំទៅឯក្រុងបាប៊ីឡូន
12. តែកាលទ្រង់មានសេចក្ដីវេទនា នោះក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកអយ្យកោទ្រង់វិញ
13. ក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកឯរាជ្យក្នុងក្រុងយេរូសាឡិមវិញ ដូច្នេះ ទើបម៉ាន៉ាសេបានជ្រាបថា ព្រះយេហូវ៉ាទ្រង់ជាព្រះពិត។
14. ក្រោយនោះ ទ្រង់សង់កំផែង នៅខាងក្រៅកំផែងក្រុងដាវីឌទៀត គឺត្រង់ច្រកភ្នំខាងលិចជ្រោះគីហុន រហូតដល់មាត់ទ្វារផ្សារត្រី ក៏ធ្វើព័ទ្ធជុំវិញប៉មអូផែលដែរ ហើយបានធ្វើឲ្យមានកំពស់ឡើងជាច្រើន រួចទ្រង់ដំរូវឲ្យមានមេទ័ពនៅអស់ទាំងទីក្រុងមានបន្ទាយនៅស្រុកយូដា
15. ទ្រង់យកអស់ទាំងព្រះនៃសាសន៍ដទៃ និងរូបព្រះនោះចេញពីព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងអាសនាទាំងប៉ុន្មានដែលទ្រង់បានស្អាង នៅលើភ្នំនៃព្រះវិហារព្រះយេហូវ៉ា និងនៅក្រុងយេរូសាឡិមទៅបោះចោលនៅខាងក្រៅទីក្រុង
16. រួចទ្រង់ស្អាងអាសនាព្រះយេហូវ៉ាឡើងវិញ ហើយថ្វាយយញ្ញបូជា ជាដង្វាយមេត្រី និងដង្វាយអរព្រះគុណ នៅលើអាសនានោះ ក៏បង្គាប់ឲ្យពួកយូដាគោរពប្រតិបត្តិតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
17. ប៉ុន្តែពួកបណ្តាជននៅតែថ្វាយយញ្ញបូជានៅលើអស់ទាំងទីខ្ពស់នៅឡើយតែគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃគេវិញ។